គម្រោងSDF និង ESG ពិភាក្សាពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញវិនិយោគិនសិង្ហបុរីមកកម្ពុជា ពិសេសស្វាយចន្ទី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- គម្រោងអភិវឌ្ឍន៍ជំនាញនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ SDF និងសហគ្រាសសិង្ហបុរី (ESG) បានជួបពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៦ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងលើកទឹកចិត្តក្រុមហ៊ុនសិង្ហបុរីឱ្យមកវិនិយោគផ្នែកបច្ចេកវិទ្យា និងជំនាញនៅកម្ពុជា។

បេសកកម្មរបស់ESG គឺគាំទ្រក្រុមហ៊ុនសិង្ហបុរី ពង្រីកការវិនិយោគនៅក្រៅប្រទេស។ បេសកកម្មនេះ ស្របតាមគោលដៅរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងជំនាញមកកម្ពុជា។ គម្រោងអភិវឌ្ឍន៍ជំនាញ SDF បានបង្ហាញកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរ ឱ្យត្រូវនឹងតម្រូវការរបស់ម្ចាស់សហគ្រាស និងវិនិយោគិនពីបរទេស។
ចំពោះសហគ្រាសសិង្ហបុរី ESG វិញ បានសម្តែងការចាប់អារម្មណ៍ខ្លាំងលើទំនិញយុទ្ធសាស្ត្ររបស់កម្ពុជាដូចជា ស្វាយចន្ទី និងកៅស៊ូជាដើម។ បន្ទាប់ពីកិច្ចពិភាក្សា ស្ថាប័នទាំងពីរ បានគ្រោងជួបពិភាក្សាគ្នាជាថ្មីទៀត ដើម្បីស្វែងរកឱកាសនាំវិនិយោគិនសិង្ហបុរី មកសិក្សាពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគ លើវិស័យអាទិភាពរបស់កម្ពុជាជាពិសេស ការកែច្នៃ ស្វាយចន្ទី៕
ដោយ ណយ នឿន (ប្រភព៖ SDF)





