ក្រសួងអប់រំចុះកិច្ចព្រមព្រៀងជាមួយសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍នៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២0២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ នៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងរវាងលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យបណ្ឌិត TAKEUCHI Kazuhiko ប្រធានសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ នៃប្រទេសជប៉ុន ក្រោមវត្តមានចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានព្រមព្រៀងផ្សារភ្ជាប់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអប់រំសុវត្ថិភាពចរាចរណ៍ តាមរយៈបេសកកម្មសំខាន់ៗ រួមមាន៖ ១. ការអភិវឌ្ឍការអប់រំគ្រូបង្រៀន និងសកម្មភាពកសាងសមត្ថភាពផ្សេងៗទៀត ២. ការស្រាវជ្រាវរួមគ្នាលើការអប់រំសុវត្ថិភាពចរាចរណ៍ រួមទាំងការប្រមូលទិន្នន័យ និងការវិភាគ និង៣.ការសហការគ្នារៀបចំសន្និសីទ សិក្ខាសាលា កសាងបណ្ដាញ និងព្រឹត្តិការណ៍ពាក់ព័ន្ធចាំបាច់ផ្សេងៗទៀតជាច្រើន។

ក្នុងពិធីនេះ លោកសាស្ត្រាចារ្យបណ្ឌិត TAKEUCHI Kazuhiko បានបង្ហាញសេចក្ដីរីករាយចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានឱ្យដឹងពីសាវតាររបស់សមាគម ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ជាមួយបេសកកម្មជួយដល់សហគមន៍ក្នុងការបម្លាស់ទីប្រកបដោយសុវត្ថិភាព ដែលបង្កើតឡើងតាមរយៈអំណោយរបស់លោក Soichiro Honda និងលោក Takeo Fujisawa ដែលជាស្ថាបនិក និងជាសហស្ថាបនិកនៃក្រុមហ៊ុន Honda Motor Co., Ltd. ដោយទទួលស្គាល់ថាបញ្ហាចរាចរណ៍មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងកត្តាសង្គមផ្សេងៗ សមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ នៃប្រទេសជប៉ុនបានត្រួសត្រាយនូវវិធីសាស្ត្រ «អន្តរកម្មសិក្សា» ដោយប្រមូលផ្ដុំអ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីផ្នែកសិក្សាចម្រុះដើម្បីរួមគ្នាបង្កើតដំណោះស្រាយ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍នៃប្រទេសជប៉ុន និងទីភ្នាក់ងារ JICA ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ហើយថា ក្នុងរយៈពេលមួយទសវត្សរ៍មកនេះសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ នៃប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការអប់រំសុវត្ថិភាពចរាចរណ៍។ ចាប់តាំងពីឆ្នាំ២០១៥មក សមាគមបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារ JICA និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតសម្ភារអប់រំ ធ្វើការស្រាវជ្រាវ ពង្រឹងសមត្ថភាពគ្រូបង្រៀន និងអនុវត្តកម្មវិធីជាក់ស្ដែង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ក្នុងចំណោមយុវជន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





