ជនភៀសសឹកចំនួន៧៥៣គ្រួសារទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកចំនួន៧៥៣គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តគោកមន ស្រុកបន្ទាយអំពិល វត្តបាត់ថ្កៅ ស្រុកចុងកាល់ និងភូមិផ្ទះបៃតង ក្នុងខេត្តឧត្តរមានជ័យ។

លោកជំទាវអគ្គលេខាធិការបាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងខ្វល់ខ្វាយ និងគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសរិះរកគ្រប់មធ្យោបាយដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍លើកឡើងពីចំណុចគន្លឹះចំនួន ២ រួមមាន៖ ទី១. ស្បៀងអាហារ គឺដើម្បីទ្រទ្រង់ និងចិញ្ចឹមរាងកាយ ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យមនុស្សអាចរស់រានមានជីវិត។ ទី២. គឺ សន្តិភាព (ទាំងផ្លូវកាយ និងផ្លូវចិត្ត)។ ក្នុងន័យនេះ សន្តិភាពផ្លូវកាយ គឺការរស់នៅដោយគ្មានសង្គ្រាម និងមានការភ័យខ្លាចដោយគ្រាប់រំសេវ។ ចំណែកឯសន្តិភាពផ្លូវចិត្តវិញ លោកជំទាវបានដាស់តឿនឱ្យបងប្អូនយកព្រះពុទ្ធសាសនា ព្រះធម៌ មកធ្វើជាទីពឹង ស្វាធ្យាយ និងធ្វើសមាធិ ដើម្បីទទួលបានសេចក្ដីសុខស្ងប់ក្នុងចិត្ត ទោះបីជាស្ថិតក្នុងស្ថានភាពជីវភាពបែបណាក៏ដោយ។

ក្រុមការងារក៏បានផ្សព្វផ្សាយនូវសារអប់រំមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ផឹកស្អាត ហូបស្អាត ដើម្បីឱ្យមានសុខភាពមាំមួន និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាសម្អាតអនាម័យ បរិស្ថាន បង្គន់អនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវចេះជួយយកអាសាគ្នាទៅវិញទៅមក ក្នុងនាមជាជនរួមជាតិខ្មែរតែមួយ។ បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋសម្រាន្តក្នុងមុងជានិច្ច ដើម្បីបង្ការពីជំងឺគ្រុនចាញ់ និងគ្រុនឈាម ព្រោះថា នៅក្នុងកញ្ចប់អំណោយដែលផ្តល់ជូននេះ គឺមានឃីត ១កញ្ចប់ ដែលមានក្រមា សារុង មុង ភួយ សម្រាប់បងប្អូនប្រើប្រាស់តាមតម្រូវការ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា២ដប ទឹកដោះគោប្រអប់១២ប្រអប់ ទឹកបរិសុទ្ធ២កេស ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





