កិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រីវិស័យ «កសិកម្ម-ទឹក-អភិវឌ្ឍន៍ជនបទ» លើកទី១៧
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រីវិស័យ «កសិកម្ម-ទឹក-អភិវឌ្ឍន៍ជនបទ» លើកទី១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារអន្តរាគមន៍ត្រីវិស័យ នៅតាមបណ្តាសហគមន៍គោលដៅទាំងអស់ ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ និងការងាររបស់លេខាធិការដ្ឋាន ប្រចាំខែឧសភា ព្រមទាំងពិភាក្សាលើផែនការសកម្មភាពប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់ក្រុមការងារតាមក្រសួងនីមួយៗ។


ឯកឧត្តមបញ្ជាក់ថា៖ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពលើសកម្មភាពដែលត្រូវបញ្ចប់ និងសកម្មភាពត្រូវបន្តសម្រាប់បណ្តាសហគមន៍ដែលកំពុងអនុវត្តកិច្ចអន្តរាគមន៍ត្រីវិស័យក្នុងឆ្នាំ២០២៦។
អង្គប្រជុំក៏បានពិភាក្សាលើសកម្មភាពចំពោះមុខដែលត្រូវអនុវត្ត ស្របតាមចំណុចឯកភាពក្នុងកិច្ចប្រជុំត្រីវិស័យថ្នាក់រដ្ឋមន្ត្រី លើកទី៦ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ ក្រុមការងារក៏បានពិភាក្សាយ៉ាងហ្មត់ចត់លើវឌ្ឍនភាពនៃការរៀបចំ «យុទ្ធសាស្ត្រ និងផែនការអនុវត្តត្រីវិស័យ» សម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម ទឹក និងអភិវឌ្ឍន៍ជនបទ (២០២៧-២០៣១) ដើម្បីធានាឱ្យបាននូវចីរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍលើវិស័យទាំងនេះនាពេលអនាគត៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





