យើងទាំងអស់គ្នាចូលរួមថែរក្សានិងការពារបរិស្ថាន(បរិស្ថានស្អាតផ្ដើមពីយើងទាំងអស់គ្នា)
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--នៅវិទ្យាល័យបឹងធំ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថាន រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ដោយបានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសិស្សានុសិស្ស សរុបចំនួនប្រមាណ៧៤៥នាក់ នាព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជាការរំលឹក និងពញ្ញាក់ស្មារតីដល់យុវជន សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមថែរក្សាការពារបរិស្ថានស្អាត តាមរយ:ការចូលរួមដាំកូនឈើឱ្យបានច្រើន នៅតាមសាលារៀន សហគមន៍ វត្តអារាម និងនៅតាមតំបន់ទេសចរណ៍ផ្សេងៗ ។ល។
នៅក្នុងកម្មវិធីនោះ ក៏មានដាំកូនឈើចំនួន១០០ដើម (បេង ៥០ដើម កកោះ៥០ដើម) នៅក្នុងបរិវេណនៅវិទ្យាល័យបឹងធំផងដែរ ៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





