ចុះផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោនិងសម្តេចធិបតីដល់មូលដ្ឋានស្រុកស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKPសៀមរាប ថ្ងៃទី០៥មិថុនាឆ្នាំ២០២៦---
ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វ ផ្សាយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅសាលប្រជុំសាលាស្រុកអង្គរធំខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមផងដែរ។

នៅក្នុងការផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានចាក់ស្លាយស្តាប់នូវសារសម្លេង នៃអនុសាសន៍របស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ហើយបន្ទាប់ពីនោះនាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានមាន ប្រសាសន៍ទៅកាន់អង្គផ្សព្វផ្សាយថា តាមគោលការណ៍រាជរដ្ឋាភិបាល ការបង្ក្រាបនិងបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នេះ គឺដាច់ខាតកុំឲ្យកើតមាននៅកម្ពុជា សំខាន់ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ក៏ដូចក្នុងខេត្តសៀមរាបទាំងមូល។


ឯកឧត្តម ឃុន វុធ បានបន្តអោយដឹងទៀតថា ដើមី្បកុំឲ្យកើតមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រស្រុកខេត្តរបស់យើង គឺយើងត្រូវរួមគ្នាទាំងកងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងគ្រឿងញៀន នៅគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។ ហើយក្នុងករណីនេះ រដ្ឋបាលឃុំ ភូមិ គឺជាស្នូល ក្តាប់ឲ្យបានពីសមាសភាពដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានខ្លួន។ ហើយម៉្យាងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ត្រូវពិនិត្យជនបរទេស ដែលបានមកជ្រកស្នាក់នៅ ឬរស់នៅប្រមូល ផ្ដុំដោយគ្មានការអនុញ្ញាត្ត ឬប្រមូលផ្ដុំដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រតាមភូមិ ឃុំ របស់ខ្លួន។ ហើយមន្ត្រីទាំងអស់មិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដែលខុសច្បាប់ទាំង នោះឡើយ ដែលអាចប្រឈមទៅនឹងច្បាប់ជាធរមាន សំខាន់សម្រាប់អ្នកដែលមានផ្ទះជួល ត្រូវហាមដាច់ខាតមិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដោយគ្មានច្បាប់ឡើយ។


ក្នុងនោះដែរ ឯកឧត្តម ឃុន វុធ ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឃុំ និង ភូមិ បន្តការផ្សព្វផ្សាយ ស្តីពីច្បាប់កាត ព្វកិច្ចយោធា ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន សំខាន់ចំពោះយុវជនចាប់ ពីអាយុ១៨ឆ្នាំដល់២៥ឆ្នាំ។ ហើយជម្រុញដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញា ណប័ណ្ណជិតផុតសុពលភាព និងអ្នកគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើមី្បត្រៀមលក្ខណៈ ឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំខាងមុខនេះ៕
ដោយ៖ ហង្ស សៀក





