ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីពិភាក្សាការងារគ្រប់គ្រងទន្លេ ស្ទឹង ព្រែក និងច្រាំង ឆ្នេរ និងដីចំណីមាត់ច្រាំងទន្លេ ស្ទឹងព្រែក នៅសាលប្រជុំនៃទីស្ដីការក្រសួង ធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញដ៏មានសារៈសំខាន់ចំនួនពីរគឺ ៖
ទី១-ការគ្រប់គ្រងទន្លេ ស្ទឹង ព្រែក ដែលផ្ដោតលើមូលដ្ឋានគតិយុត្តិ បទដ្ឋានបច្ចេកទេស យន្តការអនុវត្ត និងនីតិវិធីអនុវត្ត របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ និង ទី២-ការសិក្សាជលវិទ្យានិងជលគតិ និងការកំណត់ខ្សែបន្ទាត់មូលដ្ឋានសម្រាប់ការកែលម្អរំហូរទន្លេ(River Training Line) របស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយម។


ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការងារគ្រប់គ្រងអាងទន្លេនៅកម្ពុជា ជាពិសេសដីចំណីច្រាំងទន្លេ ស្ទឹង បឹងបួគឺនៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមកាន់តែសកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធអន្តរវិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអាជ្ញាធររាជធានី-ខេត្តនីមួយៗ លើកជាផែនការមេរៀបចំច្រាំងនៅតាមសមត្ថកិច្ចរបស់ខ្លួនដោយកំណត់ប្រវែង បរិមាណ និងថវិកា ដោយផ្តោតលើតំបន់ប្រឈមខ្លាំង រួចដាក់ជូនក្រសួងធនធានទឹក និងឧតុនិយម ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពដោះស្រាយរួម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យម្ចាស់ដីឯកជនមានដីជាប់ទន្លេ ស្ទឹង បឹងបួ ចូលរួមក្នុងសាងសង់ច្រាំង ដោយស្នើសុំទៅអាជ្ញាធរដែនដី និងក្រសួងធនធានទឹក និងឧតុនិយម។


សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ បានចេញអនុក្រឹត្យលេខ៩៨អនក្រ.បក ស្ដីពីការគ្រប់គ្រងអាងទន្លេ ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍអាងទន្លេឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ សមត្ថកិច្ចនិងយន្តការនៃការគ្រប់គ្រងអាងទន្លេគឺមានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ និង គណៈកម្មាធិការរាជធានីខេត្តគ្រប់គ្រងអាងទន្លេ ព្រមទាំងមានលេខាធិការដ្ឋានជាសេនាធិការ ដើម្បីធានាដល់កិច្ចដំណើរការឱ្យមានប្រសិទ្ធភាពខ្ពស់។ ដីចំណីមាត់ច្រាំងឆ្នេរនិងពាមសមុទ្រ នៅតំបន់រាជធានី ឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិវឌ្ឍន៍ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដាច់ដោយឡែក៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





