ឧត្តមសេនីយ៍ទោ សែម រតនា៖ រយៈពេល២០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺដើម្បីបុព្វហេតុសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងថា ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ គឺដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ និងបានទទួលការកោតសរសើរលើឆាកអន្តរជាតិ ដែលជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញគ្រឿងផ្ទុះកម្រិត២ និងប្រឆាំងគ្រឿងផ្ទុះកែច្នៃ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីលោកស្រី Marie BUSCAIL ទីប្រឹក្សាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានលើកឡើងថា ភាពជោគជ័យរបស់កម្ពុជាក្នុងការបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ ការអនុវត្តវគ្គហ្វឹកហ្វឺនទាំងម្ចាស់ការខ្លួនឯង ទាំងការឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្តតូច-ធំ ដែលស្រឡាញ់សន្តិភាព ជាពិសេសពីសាធារណរដ្ឋបារាំង។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវគ្គហ្វឹកហ្វឺនកម្ទេចគ្រឿងផ្ទុះកម្រិត២ ដែលបានបិទបញ្ចប់នាពេលនេះ និងអរគុណដល់វរសេនីយ៍ត្រី Arnaud BRUNAT មន្ត្រីបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង និងជាទីប្រឹក្សាមជ្ឈមណ្ឌលជាតិ ដែលបានខិតខំសហការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺននេះឡើងសម្រាប់កងកម្លាំងមួកខៀវកម្ពុជាឱ្យមានសមត្ថភាពពេញលេញលើជំនាញរឹង និងជំនាញទន់ ភាពធុន និងគុណវុឌ្ឍសម្រាប់អនុវត្តក្នុងតំបន់បេសកកម្មក្រោមឆត្ររបស់អង្គការសហប្រជាជាតិ និងបានបញ្ជាក់ថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣៣ ដែលកម្ពុជាធ្លាប់ជាប្រទេសទទួលទាហានមួកខៀវអង្គការសហប្រជាជាតិ ដែលក្នុងនោះក៏មានកងកម្លាំងរក្សាសន្តិភាពបារាំង ដើម្បីចូលរួមចំណែកស្វែងរកសុខសន្តិភាពនៅលើទឹកដីដ៏កំសត់ដែលពោរពេញដោយជម្លោះ និងការហែកហួរដោយសង្គ្រាម ក្នុងនោះទាហានបារាំង៤រូបក៏បានពលីជីវិតក្នុងទឹកដីនេះផងដែរ។

សូមជម្រាបថា វគ្គហ្វឹកហ្វឺនជំនាញគ្រឿងផ្ទុះកម្រិត២ និងប្រឆាំងគ្រឿងផ្ទុះកែច្នៃ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនេះមានរយៈពេល២៥ថ្ងៃ (សរុប២០០ម៉ោង) ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបង្វឹកដោយយោធាចារ្យជំនាញផ្នែក Explosive Ordnance Disposal Level 3 (EOD-3) មកពីសាធារណរដ្ឋបារាំងចំនួន២រូបដែលមានបទពិសោធន៍ និងគរុកោសល្យខ្ពស់ អមដោយគ្រូជំនួយកម្ពុជាចំនួន២រូប និងអ្នកសម្របសម្រួលកម្ពុជាចំនួន២រូប។ វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមចូលរួមសរុបចំនួន២១នាក់ ក្នុងនោះនារី៣នាក់ ដែលជាយោធិនមកពីបណ្តាអង្គភាពចំណុះមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕

ដោយ៖ ចាន់ សុភឿន





