ក្រុមហ៊ុន វ៉ាយ អេច អេស (យ៉ូស) ចុះចែកអំណោយសុខភាពនៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២៦--លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊ូដ & បេវើរីច ជួបសំណេះសំណាល និងចែកទឹកសណ្តែកយ៉ូស ដែលមានជាតិស្ករតិច ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន៤សាលា ស្ថិតនៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី លឹម ពីយោលីន អនុប្រធានមន្ទីរព័ត៌មានខេត្ត តំណាងឱ្យលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លោក ឃន ពិន តំណាងឱ្យលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ក្រុមការងារក្រុមហ៊ុន វ៉ាយ អេច អេស (យ៉ូស) លោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រី ហេង សុទ្ធាវី បានបង្ហាញពីគោលបំណងគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា តាមរយៈការណែនាំឱ្យកុមារ ជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករតិច ដើម្បីកសាងអនាគតដែលមានសុខភាពល្អសម្រាប់កុមារកម្ពុជា។ ក្នុងឆ្នាំនេះក្រុមហ៊ុន វ៉ាយ អេច អេស (យ៉ូស) មានគោលដៅចុះចែកអំណោយសុខភាព ជាប្រភេទទឹកសណ្តែកយ៉ូស ដែលមានជាតិស្ករតិច ជូនដល់សិស្សានុសិស្សចំនួន៥០០សាលា ដែលអាចជះឥទ្ធិពលដល់កុមារប្រមាណ៥០០.០០០នាក់ ទូទាំងប្រទេសកម្ពុជា។

លោកស្រីអគ្គនាយិកាបានបញ្ជាក់ថា ក្រុមហ៊ុនសូមអំពាវនាវឱ្យមាតិបិតា លោកគ្រូ អ្នកគ្រូ និង អាជីវករ លក់ដូរ នៅបរិវេណសាលារៀនឱ្យជួយអប់រំ និងណែនាំបន្ថែមឱ្យសិស្សានុសិស្ស ថែទាំសុខភាពនិងជ្រើសរើសអាហារ និងភេសជ្ជៈណា ដែលមានជាតិស្ករតិចសម្រាប់សុខភាព។

លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊ូដ & បេវើរីច បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំរៀនសូត្រដើម្បីកសាងខ្លួនឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។ ពេលទំនេរពីការសិក្សារៀនសូត្រ សូមកូនៗទាំងអស់ជួយធ្វើកិច្ចការងារផ្ទះពិសេសគឺជួយការងារឪពុកម្ដាយ ដើម្បីសម្រួលការងារនៅក្នុងគ្រួសារ។ ចូលរួមសម្អាតបរិស្ថានសាលារៀនឱ្យបានស្អាតទាំងនូវសាលារៀន នៅផ្ទះ និងសហគមន៍ក្នុងមូលដ្ឋានឱ្យមានភាពស្រស់បំព្រង។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាល និងចែកនិងចែកទឹកសណ្តែកយ៉ូស មាន៤សាលាគឺ សាលាបឋមសិក្សាដងសំរិត សាលាបឋមសិក្សានីពេជ ក សាលាបឋមសិក្សានីពេជ និងសាលាបឋមសិក្សានីពេជ ខ៕

ដោយ ស៊ុម វណ្ណា





