កសិករសង្កាត់អូរអំបិល ទទួលបានការណែនាំពីបច្ចេកទេសប្រើ "ទឹកធ្យូងជីវៈ" ដើម្បីកំចាត់សត្វល្អិត និងបង្កើនទិន្នផលដំណាំរយៈពេលខ្លី
AKP បន្ទាយមានជ័យថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៦-- ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជំរុញការប្រើប្រាស់ធាតុចូលធម្មជាតិក្នុងដំណាំរយៈពេលខ្លី នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ មន្ត្រីកសិកម្មសង្កាត់អូរអំបិល បានចុះជួបសំណេះ សំណាលផ្ទាល់ជាមួយប្រជាកសិករនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ដើម្បីណែនាំអំពីបច្ចេកទេសផលិត និងប្រើប្រាស់ "ទឹកធ្យូងជីវៈ" ក្នុងការកំចាត់សត្វល្អិត និងពង្រឹងសុខភាពដំណាំ។

ក្នុងឱកាសចុះផ្ទាល់នោះ លោកស្រី ចន ស្រីពីន មន្ត្រីកសិកម្មសង្កាត់អូរអំបិល បានគូសបញ្ជាក់ប្រាប់កសិករថា ការដាំដំណាំរយៈពេលខ្លី ដូចជា បន្លែស្លឹក និងបន្លែបរិភោគផ្លែ គឺទាមទារការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសត្វល្អិត និងការគ្រប់គ្រងជីជាតិ។
លោកស្រីបានណែនាំឱ្យកសិករងាកមកចាប់អារម្មណ៍លើការប្រើប្រាស់ "ទឹកធ្យូងជីវៈ" ដែលផ្សំឡើងពីវត្ថុធាតុដើមធម្មជាតិ។
លោកស្រី ចន ស្រីពីន បានលើកឡើងយ៉ាងដូច្នេះថា «ទឹកធ្យូងជីវៈ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងមានសុវត្ថិភាពសម្រាប់សុខភាពទាំងអ្នកដាំ និងអ្នកបរិភោគ។ ការប្រើប្រាស់សារធាតុផ្សំពីធម្មជាតិនេះ មិនត្រឹមតែអាចកំចាត់សត្វល្អិតចង្រៃដែលបំផ្លាញដំណាំបានយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យដំណាំមានភាពរឹងមាំ ស្លឹកមានពណ៌បៃតងខ្ចី និងផ្តល់ទិន្នផលខ្ពស់ជាងការប្រើប្រាស់ថ្នាំគីមីហួសកម្រិត»។

លោកស្រីបានបន្តទៀតថា ទឹកធ្យូងជីវៈមានមុខងារសំខាន់ៗកំចាត់សត្វល្អិត ជួយបណ្តេញ និងកំចាត់ដង្កូវ ឬសត្វល្អិតបំផ្លាញស្លឹក។ពង្រឹងប្រព័ន្ធការពារដំណាំ ជួយឱ្យដំណាំធន់នឹងអាកាស ធាតុ និងជម្ងឺផ្សេងៗ។បង្កើនគុណភាពដី សារធាតុសំណល់ក្រោយពេលប្រើប្រាស់ ក៏អាចជួយកែលម្អគុណភាពដីឱ្យមានជីវជាតិ។
ក្រៅពីការណែនាំបច្ចេកទេស លោកស្រី ចន ស្រីពីន ក៏បានលើកទឹកចិត្តឱ្យកសិករក្នុងសង្កាត់អូរអំបិល បន្តពង្រីកផ្ទៃដីដាំដុះបន្លែសុវត្ថិភាព ដើម្បីឆ្លើយ តបទៅនឹងតម្រូវការទីផ្សារក្នុងមូលដ្ឋាន និងកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ ដែលស្របទៅនឹងគោលន យោបាយកសិកម្មរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀង។
ប្រជាកសិករក្នុងភូមិព្រហូត បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកទេសថ្មីនេះ ហើយបានប្តេជ្ញាថានឹងសាកល្បងអនុវត្តលើដំណាំបន្លែរបស់ខ្លួន ដើម្បីកាត់បន្ថយការចំណាយលើថ្នាំកសិកម្មគីមី និងបង្កើនប្រាក់ចំណូលគ្រួសារឱ្យកាន់តែប្រសើរឡើងតាមរយៈកសិផលធម្មជាតិដែលមានគុណភាព៕
ដោយ៖ឈុនសារ៉ាត





