ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យដំណើរការសាងសង់ខ្លោងទ្វារ និងរបងប៉ែកខាងមុខទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ជាជំនួយរបស់សប្បុរសជន
AKP កំពង់ធំ ថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះត្រួតពិនិត្យដំណើរការសាងសង់ខ្លោងទ្វារ និងរបងប៉ែកខាងមុខទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលជាជំនួយសប្បុសជនស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម នូ ស៊ីថា បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៣០ ខែមេសា និងបានសាងសង់រួចដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោ ស៊ុន បានបញ្ជាក់ទៀតថា ការសាងសង់របងនិងខ្លោងទ្វារប៉ែកខាងមុខទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំនៅថ្ងៃនេះ ដោយត្រូវចំណាយថវិកាប្រមាណជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក គឺជាថវិកាជំនួយឧបត្ថម្ភពីសប្បុរសជន ដែលជាថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ហើយការសាងសង់នេះ និងចាប់ផ្ដើមដំណើរការពីពេលនេះតទៅ គ្រោងនឹងបញ្ចប់នៅបំណាច់ខែមិថុនា ឆ្នាំ២០២៦ នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នួន ផារ័ត្ន ដែលបានដឹកនាំសម្របសម្រួល អំពាវនាវសប្បុរសជនបានចូលរួមចំណែកក្នុងការសាងសង់របងនិងខ្លោងទ្វារនៅពេលនេះ និងសូមគោរពថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមចំណែកជួយដល់គណៈកម្មការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា





