អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញសិស្សទី១២ ជ្រើសរើសជំនាញឱ្យចំគោលដៅ ដើម្បីអនាគតជោគជ័យ
AKP បន្ទាយមានជ័យថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៦-- ក្នុងពិធីតម្រង់ទិសដ៏មានអត្ថន័យមួយ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានដាស់តឿនសិស្សា នុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកូប ឱ្យបោះបង់ចោលការរំពឹងទុកលើ "ខ្សែស្រឡាយ" ដោយងាកមកផ្តោតលើ "សមត្ថភាពផ្ទាល់ខ្លួន" ជាកត្តាគន្លឹះក្នុងការកសាងអនាគត។

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំ ណាល និងចែករំលែកបទពិសោធន៍ជីវិតដល់សិស្សានុសិស្ស នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅឃុំកូប ស្រុកអូរជ្រៅ លោក យឹម សំណាង បានសង្កត់ធ្ងន់ថា យុវជនជំនាន់ក្រោយត្រូវចេះជ្រើសរើសជំនាញវិជ្ជាជីវៈឱ្យបានច្បាស់លាស់ ដោយត្រូវផ្សារភ្ជាប់គ្នារវាងការរៀនសូត្រ និងការអនុវត្តជាក់ស្តែង។

លោកអភិបាលរងខេត្តបានលើកឡើងថា ការសិក្សាមិនមែនគ្រាន់តែរៀនដើម្បីឱ្យចប់កម្មវិធីនោះទេ ប៉ុន្តែត្រូវរៀនដើម្បីចេះ រៀនដើម្បីយល់ និងរៀនដើម្បីចេះវិភាគ។ ប្អូនៗត្រូវចេះជ្រើសរើសជំនាញវិជ្ជាជីវៈឱ្យត្រូវនឹងទេពកោសល្យ និងតម្រូវការទីផ្សារ ព្រោះជំនាញដែលត្រឹមត្រូវ គឺជាកត្តាជោគជ័យដ៏ធំបំផុតសម្រាប់ការងារ និងមុខរបរនាពេលអនាគត។
លោកបានបន្ថែមថា ការអប់រំត្រូវតែដើរទន្ទឹមនឹងសីលធម៌ និងគុណធម៌។ លោកជំរុញឱ្យសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខគ្រប់ប្រភេទ ដោយត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ សុជីវធម៌ និងការគោរពគ្នាទៅវិញទៅ មកក្នុងសង្គម។

លោកបានសង្កត់ធ្ងន់យ៉ាងមុតមាំថា«ការសិក្សាមានតម្លៃណាស់ មិនសំខាន់ទៅលើខ្សែស្រឡាយនោះទេ អ្វីដែលសំខាន់បំផុតគឺសមត្ថភាពពិតប្រាកដរបស់ខ្លួន»។
ក្រោយពីបានស្តាប់នូវប្រសាសន៍ណែនាំ និងការចែករំលែកបទពិសោធន៍ដ៏កក់ក្តៅនេះ កញ្ញា សុខ លីណា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យកូប បានសម្តែងអារម្មណ៍រំភើបថាខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងចំពោះប្រសាសន៍របស់លោកអភិបាលរងខេត្ត។
កញ្ញាបន្តថាការលើកទឹកចិត្តរបស់លោក បានធ្វើឱ្យខ្ញុំមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងក្នុងការជ្រើសរើសមុខជំនាញនៅសាក លវិទ្យាល័យ។ ខ្ញុំយល់ច្បាស់ថា ប្រសិន បើខ្ញុំខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងឱ្យពូកែ នោះឱកាសការងារនឹងបើកទូលាយសម្រាប់ខ្ញុំដោយមិនចាំបាច់ពឹងផ្អែកលើអ្នក ដទៃ។

ចំណែកយុវសិស្ស គង់ រដ្ឋា ដែលជាសិស្សម្នាក់ទៀតក្នុងពិធីនេះ ក៏បានឱ្យដឹងដែរថានេះជាលើកដំបូងដែលខ្ញុំបានយល់កាន់តែច្បាស់អំពីរបៀបរៀបចំលក្ខណសម្បត្តិសម្រាប់អនាគត។ ការណែនាំអំពីរបៀបអានសៀវភៅ និងការរស់នៅឱ្យមានគុណធម៌ដែលលោកបានចែករំលែក នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់រូបខ្ញុំ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ពិធីនេះមិនត្រឹមតែជាការផ្តល់ចំណេះដឹងផ្នែកបច្ចេកទេស និងមុខជំនាញប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងជាការដុតកម្ដៅស្មារតីយុវជននៅតំបន់ជនបទ ឱ្យងាកមកឱ្យតម្លៃលើការសិក្សា និងការកសាងសមត្ថភាព ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់កម្ពុជានៅក្នុងយុគសម័យថ្មី៕
ដោយ៖ឈុនសារ៉ាត





