សិស្សានុសិស្សនៃសាលាបឋមសិក្សា កែវពេជ្រ នៅតំបន់ជនបទដាច់ស្រយាល នៃខេត្តសៀមរាប ទទួលបានសម្ភារសិក្សាពីព្រះសង្ឃ និងសប្បុរសជនក្នុងខេត្ត
AKP សៀមរាប ថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២៦--ព្រះសង្ឃតែងតែបានចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យអប់រំ និងការងារសង្គមផ្សេងៗ ជាពិសេសកន្លែងណាមានកុទ្ខលំបាកតែងតែឃើញ ព្រះសង្ឃចុះទៅដល់គោលដៅ និងបានចូលរួមជាមួយរាជរដ្ឋាភិបាល។ ជាក់ស្តែងកាល ពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈកិត្តិយស ព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំព្រះសង្ឃជាព្រះចៅអធិការតាមបណ្តាវត្ត មួយចំនួននៅក្នុងក្រុងសៀមរាប និងមហាឧបាសិកាពុទ្ធសាសនូប្បត្ថម្ភក៍ ស៊ិន លំអង បាននាំយកសម្ភារសិក្សាទៅចែកជូនដល់សិស្សានុសិស្សចំនួន១២៥នាក់ នៅសាលាបឋមសិក្សា កែវពេជ្រ ដែលស្ថិតនៅតំបន់ជនបទដាច់ស្រយាលក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំពុងខ្វះខាតសម្ភារសម្រាប់សិក្សា។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ មានថេរៈដីកាថា ការចែកជូនសម្ភារសិក្សាដល់ សិស្សនុសិស្សនៅពេលនេះ ជាការបំពេញតម្រូវការរបស់សិស្ស ដែលសម្ភារសិក្សាទាំងនេះ មានសៀវភៅ ប៊ិក ខ្មៅដៃ និងជូនថវិកាមួយចំនួនផងដែរ។ ក្រៅពីនេះក៏បានផ្តល់ជូននូវផ្ទាំងសូឡា និងថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សផងដែរ។ ការឧបត្ថម្ភជាសម្ភារ សិក្សាដល់សិស្សានុសិស្សនេះគឺ ជារួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើក កម្ពស់វិស័យ នៅប្រទេសកម្ពុជារបស់យើង ដើម្បីកសាងធនធានមនុស្សឱ្យមានគុណភាព ឧត្តមភាព និងសីល ធម៌ ដើម្បីឱ្យពួកគេក្លាយជាអ្នកបន្តវេនដ៏ល្អ និងប្រកបដោយសក្តានុពលសម្រាប់ជាតិ និងសាសនា។

ព្រះធម្មារនុរ័ក្ខញាណ ក៏បានមានព្រះសង្ឃដីកា ផ្តល់ឱវាទផ្តាំផ្ញើដល់ក្មួយៗសិស្សា នុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាសាសនិកល្អទៅថ្ងៃអនាគត ជាពិសេសត្រូវរៀនឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីជួយឱ្យ គ្រួសាររបស់ក្មួយៗចាកចេញពីភាពខ្វះខាត ព្រោះការរៀនសូត្រឱ្យមានចំណេះដឹងខ្ពស់ ជាកត្តាមួយដ៏សំខាន់ ក្នុងការជួយឱ្យគ្រួសាររបស់ក្មួយៗ ចេញផុតពីការខ្វះខាតបាន។

ព្រះអង្គបានបន្តថា ការផ្តល់ចំណេះដឹងដល់ក្មេងៗ គឺពិតជាមានសារៈសំខាន់សម្រាប់ពួកគាត់ និងប្រទេសជាតិទាំងមូល ដូចនេះសូមឱ្យលោកគ្រូអ្នកគ្រូជួយបង្រៀន និងបណ្តុះបណ្តាល ពួកគាត់ឱ្យដើរលើកផ្លូវល្អ ចូលរួមថែទំពាំងស្នងឫស្សីរបស់យើងប្រកបដោយគុណភាព បើទោះបី ជាសាលានេះ ស្ថិតនៅដាច់ស្រយាលក៏ពិតមែន តែសិស្សរបស់យើងត្រូវខិតខំឱ្យមាន សមត្ថភាពដូចអ្នករៀននៅក្នុងទីក្រុងដែរ។

លោក ចិន ជាន នាយកសាលាបឋមសិក្សាកែវពេជ្រ បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ និងសប្បុរសជន ដែលបានចុះជួយសាលា និងសិស្សនៅតំបន់ដាច់ ស្រយាលមួយនេះ ខណៈដែលកំពុងមានត្រូវការទាំងសម្ភារសិក្សា និងផ្ទាំងសូឡា ព្រោះនៅតំបន់សាលាបឋមសិក្សាកែវពេជ្រនេះមិនទាន់មានបណ្តាញអគ្គិសនីមកដល់នៅឡើយទេ៕

ដោយ ឃុត សៅ





