ឥណ្ឌា និងមីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការតភ្ជាប់ និងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារេនដ្រា ម៉ូឌី បានជួបពិភាក្សាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ មីន អ៊ុង ឡាំង កាលពីពេលថ្មីៗនេះក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់លោកទៅកាន់ប្រទេសឥណ្ឌា ដែលមានគោលបំណងជំរុញទំនាក់ទំនងទ្វេភាគីក្នុងវិស័យសន្តិសុខ ការពារជាតិពាណិជ្ជកម្ម ការតភ្ជាប់ ថាមពល និងបច្ចេកវិទ្យាថ្មីៗ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើការពិនិត្យមើលឡើងវិញយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រងព្រំដែន កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខការពង្រីកពាណិជ្ជកម្ម និងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងកិច្ចសហការក្នុងវិស័យថែទាំសុខភាព ការអប់រំ ថាមពល និងបញ្ញាសិប្បនិម្មិត (AI)។
ពួកគេបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែនរួម និងការការពារការប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយសម្រាប់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍សន្តិសុខរបស់គ្នាទៅវិញទៅមក។
នៅថ្ងៃដដែលនោះ ប្រធានាធិបតីឥណ្ឌា លោកស្រី ឌ្រូប៉ាឌី ម័រមូ បានទទួលជួបប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ មីន អ៊ុង ឡាំង និងបានបញ្ជាក់សារជាថ្មីនូវតួនាទីសំខាន់របស់មីយ៉ាន់ម៉ាក្នុងការចូលរួមក្នុងតំបន់របស់ឥណ្ឌា។ លោកស្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការតភ្ជាប់ក្នុងភាពជាដៃគូរវាងឥណ្ឌា និងមីយ៉ាន់ម៉ា។
លោកស្រី ម័រមូ បានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីបានពង្រីកនៅក្នុងវិស័យនានា ដូចជាឱសថ គ្រឿងចក្រ និងផលិតផលកសិកម្ម។ទោះជាយ៉ាងណាក៏ដោយ លោកស្រីបាននិយាយថា នៅតែមានឱកាសច្រើនសម្រាប់កំណើន និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ។
នៅពេលមុននេះ កាលពីថ្ងៃទី៣១ ខែឧសភា ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ បានជួបជាមួយមេដឹកនាំមីយ៉ាន់ម៉ាដើម្បីពិភាក្សាអំពីទិដ្ឋភាពសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី ជាពិសេសសន្តិសុខ ការពារជាតិនិងកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែន។
មីយ៉ាន់ម៉ាកាន់តំណែងជាយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសរបស់ឥណ្ឌា ក្នុងនាមជាសមាជិកអាស៊ានតែមួយគត់ដែលមានព្រំដែនគោកជាមួយប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ ប្រទេសទាំងពីរមានព្រំដែនរួមប្រវែងប្រហែល ១.៦៤០គីឡូម៉ែត្រ ដែលជាប់នឹងរដ្ឋភាគឦសានឥណ្ឌាជាច្រើន រួមទាំងរដ្ឋណាហ្កាលែនដ៍ និងរដ្ឋម៉ានីព័រ។
ជាលទ្ធផល ទំនាក់ទំនងទ្វេភាគីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធមិនត្រឹមតែចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងចំពោះសន្តិសុខព្រំដែន ស្ថិរភាពនៅភាគឦសានឥណ្ឌា និងយុទ្ធសាស្ត្រតភ្ជាប់ដ៏ទូលំទូលាយរបស់ទីក្រុងញូវដេលីជាមួយតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោក យូ មីន អ៊ុង ឡាំង កំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាជាមួយគណៈប្រតិភូជាន់ខ្ពស់ ដែលរួមមានបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំធុរកិច្ច។
ដំណើរទស្សនកិច្ចនេះកើតឡើងមិនដល់ពីរខែផងបន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតសភាមីយ៉ាន់ម៉ាកាលពីដើមឆ្នាំនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





