១០៤ទីតាំងរកឃើញជនបរទេសស្នាក់នៅរាជធានីភ្នំពេញ ១០២១នាក់ក្នុងនោះពុំមានលិខិតឆ្លងដែន២៩នាក់ បានកសាងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីហើយ
AKP ភ្នំពេញ ថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៦--គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាចុះធ្វើរដ្ឋបាល ដោយបានប្ដេជ្ញាថា លុបបំបាត់ឱ្យអស់នូវ រាល់បទល្មើសជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ ឯកឧត្ដមឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១០៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.០២១នាក់ (ស្រី ៤៨០នាក់)ពុំមានលិខិតឆ្លងដែន២៩នាក់ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ក្នុងនោះដែរ ក្រុមការងារខណ្ឌចំការមនរកឃើញ បទល្មើសចំនួន០៣បន្ទប់ (បន្ទប់លេខ៣២០១, ១៦០១ និង១៥០៦)ក្នុងអគារ The Peak Tower ១ & ២ វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ស្រី ០១នាក់) ជាជនជាតិចិន ៤នាក់ ជនជាតិវៀតណាម ៤នាក់(ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង, CPU ចំនួន ០៨គ្រឿង, ម៉ូនីទ័រចំនួន ១៥គ្រឿង,ALL IN ONE ចំនួន ០៩គ្រឿង, ទូរស័ព្ទចំនួន ៤៤គ្រឿង។

យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថានេះជាករណីពាក់ព័ន្ធនឹងល្បែងភ្នាល់តាមប្រព័ន្ធ អនឡាញខុសច្បាប់ (GAME ONLINE)។ ចំពោះទីតាំងបន្ទប់ខាងលើ ក្រុមការងារសម្រេចបិទឃ្លុំបេជាបណ្ដោះអាសន្ន រីឯមនុស្ស និងសម្ភារបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

លោកស្រីបានបញ្ជាក់ថា៖ បើទោះបីកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានបំពេញការងារបានល្អហើយក្ដីតែឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និងសង្កត់ធ្ងន់ជាប់ជាប្រចាំចំពោះ លោក លោកស្រីអភិបាល ខណ្ឌទាំង១៤ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទ ល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងព្វផ្សាយអនុក្រឹត្យលេខ០៣ ឱ្យកាន់តែសកម្មបន្តទៀត។

លោកស្រី ដោ សម្ផស្សបានបន្ថែមថា៖ ពាក់ព័ន្ធនិងការងារនេះ ស្នងការដ្ឋាននគរ បាល រាជធានីភ្នំពេញ បានអនុវត្តការ ផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ .បក ចុះថ្ងៃទី៥ខែមករាឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ស្ដីពីទណ្ឌកម្មបានផាកពិន័យសរុបចំនួន ២ទីតាំងមនុស្សចំនួន២៤នាក់គិតជាថវិកាសរុបបានចំនួន ៩៦.០០០.០០០រៀល៕
ដោយ៖ សួស សំរិត





