អនុប្រធានអាជ្ញាធរទន្លេសាប ចូលរួមពិព័រណ៍ស្តីពីអនុសញ្ញាផ្លូវដឹកជញ្ជូនពិភពលោក នៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមពិព័រណ៍ស្តីពី អនុសញ្ញាផ្លូវដឹកជញ្ជូនពិភពលោក និងដំណើរការគ្រប់គ្រងផ្លូវនាវាចរណ៍ (World Transport Convention 2026) នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ។

លោក ម៉ៅ ហាក់ បានលើកឡើងថា ពិព័រណ៍នេះ ដើម្បី ចែករំលែក និងផ្សព្វផ្សាយ ស្តីពី អនុសញ្ញាផ្លូវដឹកជញ្ជូនពិភពលោក ចែករំលែកបទពិសោធន៍នៃដំណើរការគ្រប់គ្រងផ្លូវនាវាចរណ៍ និងការដឹកជញ្ជូនចែកចាយទំនិញនៅតាមកំពង់ផែ ផ្លូវទឹកក្នុងប្រទេសចិន ការងារសាងសង់ និងការអភិវឌ្ឍផ្លូវនាវាចរណ៍តាមបែបបទបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន និងការដោះស្រាយផលវិបាកនៃការកកស្ទះចរាចរណ៍ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ការចែករំលែកបទពិសោធន៍លើការគ្រប់គ្រង បញ្ហា និងការដោះស្រាយស្តីពី គ្រោះធម្មជាតិ ច្បាប់ និងអនុសញ្ញាគ្រប់គ្រងផ្លូវទឹករបស់ភាគីសិក្ខាកាមចូលរួមដូចជា៖ កម្ពុជា បង់ក្លាដែស ម៉ាឡេស៊ី អាហ្វ្រិកខាងត្បូង និងការសាងសង់ផ្លូវដឹកជញ្ជូនថ្មី និងការកែលម្អបន្ថែមសម្រាប់ផ្លូវទឹកក្នុងតំបន់មួយចំនួនរបស់ប្រទេសចិន និង ការចុះទស្សនកិច្ចលើទីតាំងកំពង់ផែធានជីង ។

នៅក្នុងការចូលរួមពិពណ៌ស្តីពី អនុសញ្ញាផ្លូវដឹកជញ្ជូនពិភពលោក និងដំណើរការគ្រប់គ្រងផ្លូវនាវាចរណ៍ ក៏មានសមាសភាពចូលរួមមកពីបណ្តាប្រទេសសហគមន៍អឺរ៉ុប អាហ្រិក និងក្រុមអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





