ក្តីត្រេកអររបស់ពលរដ្ឋភៀសសឹកនៅស្វាយចេក ក្រោយទទួលបានភ្លើងរដ្ឋប្រើប្រាស់គ្រប់ខ្នងផ្ទះ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--ទឹកមុខពោរពេញដោយស្នាមញញឹម និងក្តីរំភើបរករៀបរាប់មិនបាន បានស្តែងឡើងនៅលើផ្ទៃមុខរបស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់ពី «ពន្លឺអគ្គិសនី» ដែលពួកគេធ្លាប់តែប្រាថ្នាចង់បានជាយូរមកហើយនោះ ត្រូវបានតភ្ជាប់ចូលដល់ខ្នងផ្ទះជាផ្លូវការ។

ការទទួលបានថាមពលអគ្គិសនីប្រើប្រាស់នេះ មិនត្រឹមតែជាការបំភ្លឺផ្ទះសម្បែងក្នុងពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបើកទំព័រជីវិតថ្មី និងជាការបញ្ជាក់យ៉ាងច្បាស់ពីការអនុវត្តប្រកប ដោយផ្លែផ្កានូវកិច្ចការអាទិភាពមួយ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការចាំបាច់នេះ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបពិភាក្សាផ្ទាល់ជាមួយតំណាងអគ្គិសនីកម្ពុជា (EDC) និងក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យដំណើរការបញ្ចប់ជំហានទី១ ក្នុងការតភ្ជាប់បណ្តាញអគ្គិសនីចូលតាមខ្នងផ្ទះបណ្តោះអាសន្នសរុបចំនួន ២,៨១៦ខ្នង ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងភូមិ-ឃុំខាងលើ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ជូនដល់បងប្អូនប្រជាពល រដ្ឋទាំងអស់។

ឯកឧត្តមបានគូសបញ្ជាក់ថា «រាជរដ្ឋាភិ បាលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក។ យើងនៅជាប់ជាមួយបងប្អូ នជានិច្ច ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនបោះបង់ ឬទុកនរណាម្នាក់ចោលដោយមិនបានដឹងឮ និងដោះស្រាយនោះឡើយ»។

ដើម្បីឱ្យសមិទ្ធផលដ៏ធំធេងនេះលេច ចេញជារូបរាងឡើងក្នុងរយៈពេលដ៏ខ្លី ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានផ្តល់អន្តរាគមន៍យ៉ាងទាន់ចិត្ត ព្រមទាំងការជំរុញផ្ទាល់ពី ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានធ្វើឱ្យក្រុមការងារបច្ចេកទេសសម្រុកធ្វើការរហូតឈានដល់ការបញ្ចប់ជំហានទី១ នៃការតភ្ជាប់បណ្តាញអគ្គិសនីតាមខ្នងផ្ទះយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ពលរដ្ឋ។
ងាកមកចាប់អារម្មណ៍លើក្តីរំភើបរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិស្លក្រាមវិញ ពួកគេបានសម្តែងនូវចំណាប់អារម្មណ៍ស្រដៀងៗគ្នាថា ពន្លឺអគ្គិសនីនាពេលនេះ គឺប្រៀបដូចជាការផ្តល់ជីវិតថ្មី និងក្តីសង្ឃឹមថ្មីដល់គ្រួសារពួកគេ។
ពលរដ្ឋបានលើកឡើងថា កន្លងមកការរស់នៅជួបការលំបាកយ៉ាងខ្លាំងដោយសារខ្វះខាតអគ្គិសនីប្រើប្រាស់ ប៉ុន្តែពេលនេះការមានភ្លើងអគ្គិសនីរដ្ឋប្រើប្រាស់គ្រប់ខ្នងផ្ទះ នឹងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ការសិក្សារបស់កូនចៅនៅពេលយប់ ពិសេសគឺអាចឱ្យពួកគេបង្កើតមុខរបរខ្នាតតូចផ្សេងៗដើម្បីបង្កើនចំណូលគ្រួសារ។
បងប្អូនប្រជាពលរដ្ឋបានលំឱនកាយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសឯកឧត្តម គន់ គីម ដែលមិនដែលបោះបង់ពួកគេចោល និងបាននាំមកនូវពន្លឺជោគជ័យជាក់ ស្តែងដល់មូលដ្ឋាន។
ការតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២,៨១៦ខ្នងផ្ទះ នៅក្នុងស្រុកស្វាយចេក នាពេលនេះ មិនត្រឹមតែជាសមិទ្ធផលផ្នែករចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពសរឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការកាត់បន្ថយគម្លាតជីវភាពរវាងទីក្រុងនិងជនបទ ព្រមទាំងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណា ក់កាលទី១ ដែលបានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាស្នូលនៃអភិវឌ្ឍន៍ជាតិ៕
ដោយ៖ឈុនសារ៉ាត





