ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញចុះពិនិត្យវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
AKPភ្នំពេញទី០៤ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ដែលទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារនីហរណអាហរណកូរ៉េ (KEXIM Bank)នាថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សកម្មភាពសំខាន់ៗនៃការចុះពិនិត្យរួមគ្នានេះ រួមមាន៖ ទី១. ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសាងសង់នៃគម្រោងទាំងមូល ដើម្បីត្រៀមលក្ខណៈបញ្ចប់ការដ្ឋានជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ទី២. ពិនិត្យការងារបណ្តុះបណ្តាលបច្ចេកទេស ដោយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ បាននិងកំពុងដំឡើងឧបករណ៍អេឡិចត្រូនិកទ្វារទឹក ព្រមទាំងធ្វើការណែនាំ និងបង្រៀនដល់ប្រតិបត្តិករសហគមន៍អំពីរបៀបបិទ-បើកទ្វារទឹក និងការថែទាំប្រព័ន្ធមេកានិក។


ទី៣. ពិនិត្យសកម្មភាពរបស់មន្ត្រីបច្ចេកទេសផ្នែកសហគមន៍កសិករប្រើប្រាស់ទឹក មកពីក្រសួង ដែលបានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្នុងការបណ្តុះបណ្តាលសមាជិកសហគមន៍អំពីវិធីសាស្ត្រគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមាននិរន្តរភាព។
ទី៤. ពិនិត្យ និងវាយតម្លៃករណីបាត់បង់ឧបករណ៍បញ្ជាទ្វារទឹក ដោយសារមានជនខិលខូចបានលួចដោះយកប្រព័ន្ធបញ្ជាអគ្គិសនីមួយចំនួននៅតាមសំណង់បញ្ជាបិទ-បើកទឹក។


ឯកឧត្តមក៏បានថ្លែងកោតសរសើរ និងណែនាំឱ្យក្រុមហ៊ុនសាងសង់ ទីប្រឹក្សាគម្រោង និងអ្នកពាក់ព័ន្ធ ជំរុញការងារដែលសេសសល់ឱ្យរួចរាល់ជាស្ថាពរនាចុងខែមិថុនាឆ្នាំនេះនិង បានផ្តាំផ្ញើដល់មន្ទីរជំនាញត្រូវបង្កើនការទទួលខុសត្រូវថែទាំរាល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្នុងខេត្ត ដើម្បីធានាប្រសិទ្ធភាពគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋទាំងក្នុងរដូវវស្សានេះ និងទៅអនាគត ព្រមទាំងបានដាស់តឿនដល់មន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវរួមគ្នាឃ្លាំមើល និងស្វែងរកអត្តសញ្ញាណជនល្មើស ដើម្បីទប់ស្កាត់ចោរកម្មលួចឧបករណ៍បញ្ជាទ្វារទឹកកុំឱ្យកើតមានជាបន្តទៀត៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





