អភិបាលខេត្តកំពង់ធំអំពាវនាវកុំឱ្យមានការបំផ្លិចបំផ្លាញបង្គោលភ្លើងសូឡា ដែលបំពាក់នៅតាមដងផ្លូវជាប្រយោជន៍សាធារណៈ
AKP កំពង់ធំ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអំពាវនាវឱ្យបងប្អូនកុំបំផ្លិចបំផ្លាញបង្គោលសូឡាដែលបំពាក់តាមដងផ្លូវជាប្រយោជន៍សាធារណៈ។ឯកឧត្តមអភិបាលខេត្តបានធ្វើការអំពាវនាវដូចនេះ នៅលើបណ្ដាញសង្គមនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរព និងថែរក្សាទ្រព្យសម្បត្តិសាធារណៈឱ្យបានគង់វង្ស។សូមបញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើបំផ្លិចបំផ្លាញ ឬលួចអំពូលភ្លើងសូឡាដែលបានបំពាក់តាមដងផ្លូវ។
ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានករណីជនខិលខូចមួយចំនួន បានធ្វើសកម្មភាពលួច និងបំផ្លិចបំផ្លាញបង្គោលភ្លើងសូឡាសាធារណៈ ដែលជាសមិទ្ធផលសម្រាប់បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា អំពូលដែលលួចយកទៅលក់នោះ មិនមានតម្លៃច្រើននោះទេ ប៉ុន្តែវាបានធ្វើឱ្យខូចខាតដល់ប្រយោជន៍សាធារណៈច្រើន។ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ធំ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើរតួជាម្ចាស់ និងចូលរួមសហការការពារ ថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ព្រោះសមិទ្ធផលទាំងនេះកើតឡើងពីការគិតគូរ និងការខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងសេចក្តីសុខសាន្តរបស់បងប្អូនទាំងអស់គ្នា៕


ដោយ ស៊ុម វណ្ណា





