ឯកឧត្តម ខុម ផលលឿន ចុះពិនិត្យការផ្តល់សេវាជូនជនមានពិការភាពនៅ មជ្ឈមណ្ឌលស្តារលទ្ធភាពកម្មកាយសម្បទា ខេត្តបាត់ដំបង
AKP ភ្នំពេញថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៦--មន្ត្រីជាន់ខ្ពស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារក្នុងការផ្តល់សេវាជូនជនមានពិការភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពកម្មកាយសម្បទា ខេត្តបាត់ដំបង និងមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺរបួសខួរឆ្អឹងខ្នង ។

ឯកឧត្តម ឯកឧត្តម ខុម ផលលឿន បានផ្តាំផ្ញើការសួរសុខទុក្ខនិងនឹករលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ព្រមទាំងបងប្អូនវីរៈកងទ័ពនិងជនមានពិការភាពគ្រប់ៗរូបទូទាំងខេត្ត។

លើសពីនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសាខាមូលនិធិជនពិការខេត្ត ត្រូវបន្តខិតខំបំពេញការងារផ្តល់សេវា និងយកចិត្តទុកដាក់តាមដានស្ថានភាពរបស់ជនមានពិការភាព ពិសេសអតីតយុទ្ធជន និវត្តន៍ជននិងវីរៈកងទ័ពដែលមានពិការភាព ដើម្បីធានាថាពួកគាត់ទទួលបានសេវាសង្គមកិច្ចសមស្រប ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រតិភូ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន រួមមាន ស្បៀងអាហារ គ្រឿងបរិភោគ ឧបភោគ កាបូបសិក្សា ខោអាវ រទេះរុញ និងថវិកាមួយចំនួន ជូនជនមានពិការភាពមកទទួលសេវា ពិសេសអតីតយុទ្ធជន និវត្តន៍ជន និងវីរៈកងទ័ពដែលកំពុងសម្រាកទទួលការព្យាបាលដោយចលនាផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖មូលនិធិជនពិការ)





