ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បទឈប់បាញ់ ចំពេលដែលកំពុងមានសង្គ្រាមឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ -- ប្រទេសចិនបានអំពាវនាវកាលពីថ្ងៃពុធ ឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ដោយជំរុញឱ្យភាគីជម្លោះប្រឆាំងនឹងការធ្វើសង្គ្រាមឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅ នីង បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន»។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិននេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារលើកោះQeshm ក្នុងការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារដោយអ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា កងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងយោធាដៃគូរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាច្រើន។
ប្រទេសគុយវ៉ែតក៏បាននិយាយផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក កាលពីព្រឹកព្រលឹមថ្ងៃពុធ។
លោកស្រី ម៉ៅ បាននិយាយថា «ការធ្វើសង្គ្រាមឡើងវិញមិនបម្រើដល់ផលប្រយោជន៍របស់នរណាម្នាក់ឡើយ»។
លោកស្រីបានបន្ថែមថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធអាចឱ្យតម្លៃដល់ឱកាសនៃសន្តិភាព គោរពការប្តេជ្ញាចិត្តឈប់បាញ់ និងរក្សាសន្ទុះនៃកិច្ចចរចា ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះតាមរយៈមធ្យោបាយនយោបាយ និងការទូត និងសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ព្រមទាំងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ា»។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើការវាយប្រហារតាមអាកាសឡើងវិញបើទោះបីជាមានបទឈប់បាញ់គ្នាចាប់តាំងពីថ្ងៃទី០៨ ខែមេសា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមទៅលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





