លោក ដូណាល់ ត្រាំ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាំមេណី ពាក់ព័ន្ធនឹងកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំកំពូលអ៊ីរ៉ង់លោក ម៉ូជតាបា ខាំមេណី បានចូលរួមក្នុងកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម ហើយអ្នកទាំងពីរ «ហាក់ដូចជាចុះសម្រុងគ្នាយ៉ាងល្អ»។
លោក ត្រាំ បាននិយាយអំពីលោក ខាំមេណី ថា «គាត់ពិតជាចូលរួមមែន។ មែនហើយ ខ្ញុំគិតថា ពួកគេមានការគោរពយ៉ាងខ្លាំងចំពោះគាត់»ដោយបន្ថែមថា លោកចង់ជួបគាត់ «នៅចំណុចណាមួយ»។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Pod Force One ថា «យើងប្រហែលជានឹងជួបគ្នានៅចំណុចណាមួយ អាស្រ័យលើរបៀបដែលវាដំណើរការ»។
ប្រធានាធិបតីអាម៉េរិកបាននិយាយថា អ៊ីរ៉ង់បានយល់ព្រមរួចហើយថាមិនមានអាវុធនុយក្លេអ៊ែរទេ ដោយអះអាងថា «នោះជារឿងធំមួយ»។
លោកបាននិយាយថា «យើងមិនអាចអនុញ្ញាតឱ្យពួកគេមានអាវុធនុយក្លេអ៊ែរបានទេ… ពួកគេបានយល់ព្រមរួចហើយថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយពួកគេអាចផ្លាស់ប្តូរគំនិតរបស់ពួកគេ ប៉ុន្តែនោះជារឿងមួយដែលពួកគេត្រូវយល់ព្រម ហើយនោះជារឿងធំ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង «ការលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់»គឺជាហេតុផលសំខាន់ៗដែលបានចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ។ជម្លោះនេះបច្ចុប្បន្នកំពុងជាប់គាំង ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជាអចិន្ត្រៃយ៍នៅតែបន្តក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន។
លោក ត្រាំ បាននិយាយថា កិច្ចចរចាជាមួយអ៊ីរ៉ង់ «កំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយវាកំពុងវិវឌ្ឍន៍ល្អ។ វានឹងល្អណាស់» ដោយលោកបានបន្ថែមថា «រឿងល្អៗជាច្រើននឹងកើតឡើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





