ថវិកា ៤៦.០៩០.០០០រៀល និង ១០៤.៤៧២ដុល្លារអាម៉េរិក ទទួលពីសប្បុរសជនលើកទី៣ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
AKP ព្រះសីហនុ ថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៣ ពីបងប្អូនសប្បុរសជនក្នុង និងក្រៅខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណគុណ និងអគុណចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានឱ្យដឹងថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង អ្នកនាងកញ្ញា និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាននឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុពុំខានឡើយ។


ក្រុមការងារទទួលមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រង់ចាំទទួលអំណោយមនុស្សធម៌ពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបន្តថា ថវិកា និងសម្ភារៈទាំងនេះ សាខានឹងយកទៅបម្រើដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា និងក្មេងកំព្រាជាដើម ព្រមទាំងជូនពរដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង លោក ស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា រកស៊ីទទួលទានមានការរីកចម្រើនថែមទៀតក្នុងការចូលរួមការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៌ដូចជាការងារសង្គមនានា។ ថវិកាដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលបានពីសប្បុរសជនមានចំនួន ១៦៥នាក់ ដែលមានថវិកាចំនួន ៤៦.០៩០.០០០រៀល និង ១០៤.៤៧២ដុល្លារអាម៉េរិក៕


ដោយ៖ ងូ សុមុនី





