អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦---..
រដ្ឋសភាកម្ពុជា តាមរយៈគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអ ន្តរជាតិ ឃោសនាការ និងព័ត៌មាន បានប្រកាសប្រាប់ប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់សាជាថ្មីថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាដាច់ខាតមិនទទួលស្គាល់រាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ ជាមួយគ្នានេះ កម្ពុជាក៏នៅតែបន្តប្រកាន់ជំហរឥតកែប្រែ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិនេះ។ តាមរយៈកិច្ចប្រជុំពិភាក្សាការងារ រវាងឯកឧត្តម នឹម ច័ន្ទតារា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួស យ៉ារ៉ា ជាមួយលោក ថូម៉ាស រ៉ាជែល (Thomas Rachel) សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ភាគីអាល្លឺម៉ង់បានសម្តែងការសោកស្តាយចំពោះផលប៉ះពាល់នានា ដែលកើតមានលើប្រជាពលរដ្ឋកម្ពុជាដោយសារជម្លោះព្រំដែននេះ ព្រមទាំងបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ (UN) នៅតែជាសសរស្តម្ភដ៏សំខាន់ និងជាយន្តការអន្តរជាតិដែលមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាពពិភពលោក។


ក្រៅពីបញ្ហាព្រំដែន ភាគីទាំងពីរក៏បានជជែកពិភាក្សាយ៉ាងស៊ីជម្រៅលើការរឹតចំណងមិត្តភាពទ្វេភាគី ក្នុងនោះអនុប្រធានគណៈកម្មការទី៥ បានស្នើឱ្យភាគីអាល្លឺម៉ង់ពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់ការងារគ្រប់វិស័យ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ តាមភាគីរដ្ឋសភាកម្ពុជា សំណើពិនិត្យលទ្ធភាពចុះ MoU នេះ គឺផ្តោតលើការបន្តជួយពង្រឹងសមត្ថភាពស្ថាប័ននីបញ្ញត្តិ ការគាំទ្រការផ្លាស់ប្តូរទស្សនកិច្ចទ្វេភាគីរវាងគណៈប្រតិភូរដ្ឋសភាជាប្រចាំ ដើម្បីចែករំលែកបទពិសោធន៍លើការកសាងច្បាប់ និងកិច្ចការជំនាញសភា ព្រមទាំងការជួយលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់អាហារូបករណ៍បន្ថែមដល់កម្ពុជា។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាក៏បានជំរុញឱ្យវិនិយោគិនអាល្លឺម៉ង់មកបណ្តាក់ទុនកាន់តែច្រើន និងស្នើឱ្យជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនអាល្លឺម៉ង់ផងដែរ។


ជាមួយគ្នានេះដែរ ឯកឧត្តម នឹម ច័ន្ទតារា ក៏បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់រដ្ឋសភាកម្ពុជាក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងបានបង្ហើបពីគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ ទៅកាន់ប្រទេសអាល្លឺម៉ង់ នៅក្នុងឆមាសទី២ នៃឆ្នាំ២០២៦ ខាងមុខនេះ។ លោក ថូម៉ាស រ៉ាជែល បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងទស្សនកិច្ចនេះ ដោយលោកសន្យាថានឹងចាត់ចែងឱ្យស្ថានទូត និងសភាអាល្លឺម៉ង់ ជួយសម្របសម្រួលដើម្បីឱ្យដំណើរទស្សនកិច្ចនោះប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា។
គួររំលឹកផងដែរថា កម្ពុជា និងអាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ ដោយទំនាក់ទំនងនេះបាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំជាលំដាប់លើគ្រប់វិស័យ។ បច្ចុប្បន្ន អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជានៅក្នុងសហភាពអឺរ៉ុប (EU) និងជាប្រទេសដែលបានផ្តល់ជំនួយឥតសំណងយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជារហូតមកដល់ពេលបច្ចុប្បន្នផងដែរ៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





