រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើពន្ធ ២៥% ដើម្បីដាក់ទណ្ឌកម្មលើប្រទេសប្រេស៊ីលជុំវិញការអនុវត្តពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋបាលលោក ដូណាល់ ត្រាំបានស្នើពន្ធថ្មីចំនួន ២៥% ទៅលើការនាំចូលជាច្រើនពីប្រទេសប្រេស៊ីលបន្ទាប់ពីសម្រេចចិត្តថា ការអនុវត្តរបស់ខ្លួនមិនយុត្តិធម៌ទៅលើបញ្ហាជាច្រើនរាប់ចាប់ពីពាណិជ្ជកម្មឌីជីថលរហូតដល់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ នេះបើយោងតាមមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ លោក ថាមីសិន ហ្រ្គៀ បាននិយាយកាលពីពេលថ្មីៗនេះ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថាវិធានការទាំងនេះ ក្រោមច្បាប់ពាណិជ្ជកម្មមាត្រា៣០១ គ្របដណ្តប់ទៅលើវិស័យមួយចំនួន ដូចជាសេវាទូទាត់ប្រាក់តាមអេឡិចត្រូនិក ពន្ធអនុគ្រោះ ការការពារកម្មសិទ្ធិបញ្ញា និងការចូលប្រើប្រាស់ទីផ្សារអេតាណុលផងដែរ។
ខ្លួនបានស្នើពន្ធថ្មី ខណៈដែលខ្លួនបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ខ្លួនទៅលើប្រទេសប្រេស៊ីល ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ក្រោមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។
ប៉ុន្តែ វាបានដកចេញនូវទំនិញមួយចំនួន ដូចជាសាច់គោ កាហ្វេ រ៉ែកម្រលោហធាតុផ្សេងទៀត និងគ្រឿងបន្លាស់យន្តហោះពីពន្ធគយថ្មីនេះ។
USTR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តរបស់ប្រេស៊ីលនៅក្នុងតំបន់ដែលត្រូវបានស៊ើបអង្កេត «គឺមិនសមហេតុផល និងជាបន្ទុក ឬរឹតត្បិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដូច្នេះអាចអនុវត្តបានក្រោមមាត្រា៣០១ (ខ) នៃច្បាប់ពាណិជ្ជកម្ម។
ពន្ធគយទាំងនេះនឹងជំនួសពន្ធគយ ៥០% ទៅលើទំនិញប្រេស៊ីលជាច្រើនដែលដាក់ចេញដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំកាលពីឆ្នាំមុន ដោយ ៤០% ជាការផ្តន្ទាទោសចំពោះការចោទប្រកាន់របស់ប្រេស៊ីលទៅលើអតីតប្រធានាធិបតីរបស់ខ្លួនដែលជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ គឺលោក ជែរ បូលសូណារ៉ូ។
ទោះជាយ៉ាងណាក៏ដោយ តុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលពន្ធគយទាំងនោះនៅក្នុងខែកុម្ភៈ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហ្រ្គៀ បាននិយាយថា លោកបានចាប់ផ្តើមការស៊ើបអង្កេតមាត្រា៣០១ ដើម្បីដោះស្រាយការព្រួយបារម្ភយូរអង្វែង និងការរីករាលដាលរបស់សហរដ្ឋអាមេរិកជាមួយនឹងគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មមួយចំនួនរបស់ប្រេស៊ីល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





