តម្លៃទំនិញប្រើប្រាស់កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៦ខែ ដែលជំរុញឱ្យមានការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ -- អតិផរណាអ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២៦ខែកាលពីក្នុងខែឧសភា ដែលជំរុញដោយតម្លៃប្រេងកើនឡើងខ្ពស់ ចំពេលដែលមានជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ដែលពង្រឹងការរំពឹងទុករបស់ទីផ្សារថា ធនាគារកូរ៉េ (BOK) អាចដំឡើងអត្រាការប្រាក់មូលដ្ឋាននៅក្នុងខែកក្កដា។ នេះបើយោងតាមអ្នកតាមដានទីផ្សារបាននិយាយកាលពីថ្ងៃអង្គារ។
តម្លៃទំនិញប្រើប្រាស់ដែលជារង្វាស់សំខាន់នៃអតិផរណា បានកើនឡើង ៣,១% កាលពីខែមុនធៀបនឹងឆ្នាំមុន ដែលជាល្បឿនកំណើនលឿនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងទិន្នន័យ និងស្ថិតិ។
ការកើនឡើងនេះភាគច្រើនត្រូវបានជំរុញដោយថ្លៃថាមពលខ្ពស់។
តម្លៃទំនិញឧស្សាហកម្មបានកើនឡើង ៤,២% ពីមួយឆ្នាំមុន ខណៈដែលតម្លៃផលិតផលប្រេងបានកើនឡើង ២៤,២% ដែលរួមចំណែក០,៩២% ដល់អតិផរណាសរុប ដោយបានកត់សម្គាល់នៃការកើនឡើងយ៉ាងខ្លាំងបំផុតចាប់តាំងពីការកើនឡើង ៣៥,២% ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២២ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ក្រសួងស្ថិតិបានសន្មតថា ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ គឺដោយសារតែការងើបឡើងវិញនៃតម្លៃផលិតផលកសិកម្ម សត្វពាហនៈ និងនេសាទ ក៏ដូចជាការកើនឡើងនៃតម្លៃប្រេងដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា។
នៅថ្ងៃដដែលនោះ មន្ត្រីធនាគារកណ្តាលបានរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យមើលការវិវត្តនៃអតិផរណា។
ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«អតិផរណាត្រូវបានគេរំពឹងថានឹងនៅតែស្ថិតក្នុងកម្រិតស្រដៀងគ្នាទៅនឹងខែមុននៅក្នុងខែមិថុនា ដោយសារតម្លៃប្រេងទំនងជាបន្តកើនឡើងខ្ពស់»។
ធនាគារកណ្តាលកូរ៉េបានបន្ថែមថា អតិផរណាត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងចន្លោះ ៣% សម្រាប់ពេលបច្ចុប្បន្ន ខណៈដែលថ្លៃថាមពលខ្ពស់បានរីករាលដាលបន្តិចម្តងៗដល់វិស័យផ្សេងទៀតនៃសេដ្ឋកិច្ច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





