ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- លោក លី វុទ្ធី ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ជំនួសលោក តាំង ម៉េងលាង ដែលដល់អាណត្តិ៨ឆ្នាំ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៤៦៨អនក្រ.តត បានប្រកាសចូលកាន់មុខតំណែង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅសាលាខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងនេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាលខេត្តកណ្តាល មន្ត្រីរាជការ អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកអភិបាលរងខេត្តកណ្តាល ដែលទើបនឹងទទួលការតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធការងាររបស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាលឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ រដ្ឋបាលខេត្តកណ្ដាលត្រូវបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ បន្តពង្រឹងការគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានដាច់ខាត។ ត្រូវខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់។ ត្រូវខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិតបានផ្ដាំផ្ញើដល់ជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព” របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងមូល ពិសេសការបង្ការ និងការបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងត្រូវបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





