អភិបាលស្រុកត្រាំកក់ រួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះស្រុក ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអប់រំណែនាំ ដល់អាជីករលក់ដូរនៅផ្សារអង្គរកា
AKPតាកែវថ្ងៃទី0១ខែមិថុនាឆ្នាំ២០២៦–អភិបាលស្រុកត្រាំកក់ រួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះស្រុក និងអាជ្ញាធរឃុំត្រពាំងធំខាងត្បូង ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអប់រំណែនាំ ដល់អាជីករលក់ដូរនៅផ្សារអង្គរកា។
ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅជុំវិញផ្សារអង្គរកា លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានដឹកនាំក្រុមការងារចម្រុះ រួមមាន លោក លោកស្រី អភិបាលរងស្រុកត្រាំកក់ ការិយាល័ជំនាញ អាជ្ញាធរឃុំត្រពាំងធំខាងត្បូង និងកងកម្លាំងប្រដាប់អាវុធចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនិងអប់រំណែនាំ ដល់អាជីវករលក់ដូរ ទាំងនៅក្នុងនិងជុំវិញផ្សារអង្គរកា។ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅផ្សារអង្គរកា ស្ថិតនៅក្នុងឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ១រោចខែជេស្ឋឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី0១ខែមិថុនាឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នោះ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនអាជីវករនិងបានណែនាំ ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងអនាម័យ ដល់បងប្អូនអាជីវករទាំងអស់ សូមកុំដាក់តាំងលក់ទំនិញឬសម្ភារផ្សេងៗ រំលោភមកលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ។ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកត្រាំកក់ ក៏បានធ្វើការណែនាំឱ្យអាជីវករគ្រប់រូប ត្រូវចេះវេចខ្ចប់និងទុកដាក់កាកសំណល់ក៏ដូចជាសំរាម ឱ្យបានត្រឹមត្រូវតាមកន្ត្រកឬធុងសំរាម។ដើម្បីរក្សាបាននូវបរិស្ថានស្អាត និងផាសុកភាពសម្រាប់ខ្លួនយើងផ្ទាល់ និងអ្នកមកទិញទំនិញ។
លោក កេត ម៉ៅ បានសង្កត់ធ្ងន់ថា ការរៀបចំសណ្ដាប់ធ្នាប់នេះ មិនមែនជាការរឹតត្បិត ការរកស៊ីរបស់បងប្អូនឡើយ។ប៉ុន្តែវាជាការរួមគ្នាកសាងភាពរៀបរយ ដើម្បីទាក់ទាញម៉ូយនិងអ្នកទេសចរណ៍ ឱ្យចូលមកផ្សារអង្គរកា របស់យើងកាន់តែច្រើន ដែលជាប្រភពចំណូលដ៏ល្អ សម្រាប់លើកស្ទួយជីវភាពគ្រួសាររបសបងប្អូន កាន់តែរីកចម្រើនបន្ថែមទៀត។

លោក កេត ម៉ៅ ក៏បានបញ្ជាឱ្យកម្លាំងជំនាញរបស់រដ្ឋបាលស្រុកទាំងអស់ ត្រូវបន្តចុះអប់រំណែនាំនិងសម្របសម្រួលសណ្ដាប់ធ្នាប់សាធារណៈនេះជាប្រចាំ ដោយឈរលើគោលការណ៍អប់រំ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់ការលក់ដូរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ៕

ដោយ៖ អ៊ុច សៀង





