ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាបចុះផ្សព្វផ្សាយអនុក្រឹត្យលេខ១៩ អនក្រនិងកម្មវិធី"មតិយើង"ជូនដល់សាស្ត្រាចារ្យនិសិ្សតនៃសាកលវិទ្យាល័យបៀលប្រាយ
AKP សៀមរាប ថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០២៦--ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ១៩ អនក្រ និងតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ"មតិយើង" ជូនដល់សាស្ត្រាចារ្យ និងនិសិ្សតនៅសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តសៀមរាប ប្រមាណជា១០០នាក់ ដែលការចុះផ្សព្វផ្សាយនេះបានធ្វើឡើង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ពោលគឺដើមី្បអនុវត្តទៅតាមការណែនាំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។ ហើយការ ចុះផ្សព្វផ្សាយនេះដែរ ស្ថិតក្រោមវត្តមានលោក ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយក្រុមការងារ ការិយាល័យប្រជាពលរដ្ឋខេត្ត និងលោកសាកលវិទ្យាធិការបៀលប្រាយខេត្តសៀមរាបផងដែរ។

យោងតាមការឱ្យដឹងពីសំណាក់លោក ឡុក ឡងឌី ថា ការផ្សព្វផ្សាយរបស់ការិយាល័យប្រជាពលរដ្ឋនេះ គឺជាយន្តការអព្យាក្រឹត ក្នុងគោលបំណងសំខាន់ គឺការលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីក្នុងការទទួល និងសម្របសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

ហើយការផ្សព្វផ្សាយនេះដែរ ក្នុងគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទនីតិវិធីនៃការទទួល និងសម្របសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលដោះស្រាយបណ្តឹង ដែលពាក់ពន្ធ័និងការផ្តល់សេវា ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

គួរឱ្យដឹងផងដែរថា ឆ្លងតាមការបង្ហាត់បង្ហាញពីវាគ្មិននៃការិយាល័យប្រជាពលរដ្ឋខេត្ត អំពីខ្លឹមសារសំខានៗនៃអនុក្រឹត្យលេខ១៩ អនក្រ និងពីតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនោះ គឺរាល់ការងារប្រមូលពាក្យបណ្ដឹងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើសម្រាប់វាយតម្លៃ និងបញ្ជូនពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច តាមដានការដោះស្រាយ និងជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹងវិញ ស៊ើបអង្កេតបណ្តឹង លើកអនុសាសន៍និងតាមដានការអនុវត្តន៍វិធានការដោះស្រាយបណ្ដឹង និងការបង្ហាត់បង្ហាញលម្អិតអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ "មតិយើង" ដល់សិក្ខាកាម ព្រោះកម្មវិធីនេះមានគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបញ្ហាក្នុងមូលដ្ឋាន ឬភាពមិនពេញចិត្តលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រងដោយមានលក្ខខណ្ឌរក្សាការសម្ងាត់ជូនទៀតផង៕

ដោយ ហង្ស សៀក





