ស្ថានទូតកម្ពុជាប្រចាំកូរ៉េត្រៀមខ្លួនក្នុងការសហការលើគម្រោងនានារបស់វិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានបញ្ជាក់ថាស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការលើគម្រោងនានារបស់វិទ្យាស្ថានស្រាវជ្រាវចំណី អាហារកូរ៉េ។
ការបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី JUNG Kyung Hee អ្នកគ្រប់គ្រងនៃវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

ក្នុងឱកាសនៃជំនួប លោកស្រី JUNG Kyung Hee បានធ្វើបច្ចុប្បន្នជូនឯកឧត្តមឯកអគ្គរាជទូតអំពីវឌ្ឍនភាពគម្រោងសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ដែលស្ថាប័នទាំងពីរបានអនុវត្តគម្រោងរួមគ្នាលើការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងសហគ្រាសធុនតូច និងមធ្យមលើការកែច្នៃចំណីអាហារ តាំងពីឆ្នាំ ២០១៨ ហើយបានសាងសង់ និងសម្ភោធមជ្ឈមណ្ឌលកែច្នៃចំណីអាហារកម្ពុជា-កូរ៉េ TASK នៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

លោកស្រីបានស្នើសុំស្ថានទូតបន្តផ្តល់កិច្ចសហការលើគម្រោងជាបន្តបន្ទាប់របស់វិទ្យាស្ថាន និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជានាពេលខាងមុខបន្តទៀត។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណ រគុណចំពោះវិទ្យាស្ថានដែលបានចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាលមន្ត្រីជំនាញ និងសហគ្រាសធុនតូច-មធ្យមរបស់កម្ពុជា ដែលការងារនេះនឹងអាចជួយបង្កើនសមត្ថភាពផលិត និងលើក កម្ពស់ស្តង់ដារផលិតផលកម្ពុជា ឱ្យស្របតាមលក្ខខណ្ឌនាំចេញទៅបរទេស ពិសេសប្រទេសកូរ៉េ។

ឯកឧត្តមក៏បានបញ្ជាក់ថា ស្ថានទូតបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការលើគម្រោងនានារបស់វិទ្យាស្ថាននាពេលខាងមុខ៕
ដោយ៖ ប៊ុនរិទ្ធ





