ឯកឧត្តម អ៊ុ រាត្រី ក្រើនរម្លឹកដល់អភិបាលស្រុកស្វាយចេកថ្មី៖ ត្រូវរឹតបន្តឹងសន្តិសុខ និងពង្រឹងសេវាសាធារណៈតាមគោលការណ៍ «ធ្វើឱ្យបាន លឿន និងតម្លាភាព»
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុកស្វាយចេក ត្រូវរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ និងការកែទម្រង់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកស្វាយចេកថ្មី នាព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាស្រុកស្វាយចេក។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក ស៊ុត ង៉ុយ (ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥) អតីតអភិបាលរងស្រុកព្រះនេត្រព្រះ ឱ្យឡើងកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកស្វាយចេក ជំនួស លោក លឿង សុភក្តិ (ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២) ដែលត្រូវផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យវិញ។

នៅក្នុងសុន្ទរកថាក្រើនរម្លឹកទៅកាន់យន្តការដឹកនាំថ្មី ឯកឧត្តម អ៊ុ រាត្រី បានសង្កត់ធ្ងន់លើការងារស្នូល ធំៗ គឺការរឹតបន្តឹងសន្តិសុខ និងការបង្ក្រាបបទល្មើស។ ឯកឧត្តមបានថ្លែងសង្កត់ធ្ងន់ថា ត្រូវរួមគ្នាយកចិត្តទុកដាក់លើកម្ពស់ការងារស្នូល ការពង្រឹងសន្តិសុខ និងលុបបំបាត់បទល្មើសសណ្ដាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ការបង្ក្រាបក្មេងទំនើង និងរាល់ទម្រង់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងគំរាមកំហែងដល់ពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យអភិបាលស្រុកថ្មី និងមន្ត្រីសមត្ថកិច្ចទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លក្ខណៈ ៧យ៉ាង» ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងរួមគ្នាសាមគ្គីអភិវឌ្ឍមូលដ្ឋាន។ក្រៅពីបញ្ហាសន្តិសុខ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវវិធានការដាច់ណាត់ក្នុងការកែទម្រង់ការផ្តល់សេវាសាធារណៈ ដោយបានណែនាំឱ្យមន្ត្រីរដ្ឋបាលស្រុកទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះធ្វើឱ្យបាន ធានាដោះស្រាយសំណើរ និងតម្រូវការរបស់ពលរដ្ឋឱ្យចេញជាលទ្ធផល។ធ្វើឱ្យលឿន កាត់បន្ថយការអូសបន្លាយពេល ឆ្លើយតបភ្លាមៗស្របតាមតម្រូវការជាក់ស្តែង។ធ្វើឱ្យមានតម្លាភាពត្រូវគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់ បំបាត់ការិយាធិបតេយ្យជិះជាន់។
ឯកឧត្តម អ៊ុ រាត្រី ក៏បានណែនាំបន្ថែមឱ្យពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលស្រុក ដោយលើកកម្ពស់សមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រី ព្រមទាំងជំរុញការដាក់ឱ្យដំណើរការការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលឃុំបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យកៀកជិតប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់រដ្ឋបាលស្រុកស្វាយចេក ត្រូវបន្តអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង
កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព។
ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកត្រូវខិតខំអនុវត្តផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដោយចេះកំណត់គម្រោងអាទិភាពដែលចាំបាច់ ព្រមទាំងខិតខំកៀរគរប្រមូលធនធានពីសប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា យកមកប្រើប្រាស់ក្នុងការអភិវឌ្ឍន៍មូលដ្ឋានស្រុកស្វាយចេកឱ្យមានការរីកចម្រើនលើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕
ដោយ ឈុន សារ៉ាត





