នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ប្រភេទនាវាក្តោងចូលចតធ្វើទស្សនកិច្ចកម្ពុជា
AKP ព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦-- នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន ០១គ្រឿង មានឈ្មោះ LE QUY DON លេខ២៨៦ ជាប្រភេទនាវាក្តោងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម កាលពីថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២៦ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គីចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។

ការចូលចតរបស់នាវាក្តោងរបស់កងទ័ពប្រជាជនវៀតណាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីលោក ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប។
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន០១គ្រឿង ឈ្មោះ LE QUY DON លេខ២៨៦ ប្រភេទនាវាក្តោង ដឹកនាំដោយវរនាវីឯក LAI HONG DONG នាយករងវិទ្យាស្ថាន កងទ័ពជើងទឹកវៀតណាម បានដឹកនាំនាវាចូលសំចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ច ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។


លក្ខណៈបច្ចេកទេសនាវា LY QUY DONលេខ២៨៦ មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ទម្ងន់ផ្ទុក ៧៤៧តោន ជម្រៅទឹក ៤.៣ម៉ែត្រ ក្នុងដំណើរមកដល់ និងស្នាក់នៅខេត្តព្រះសីហនុ គណៈប្រតិភូនាវាក្តោងកងទ័ពប្រជាជនវៀតណាម និងអញ្ជើញចូលជួបសម្តែងការគួសមជាមួយមេបញ្ជាការកងទ័ពជើងទឹកមូលនដ្ឋានសមុទ្ររាម និងមានកម្មវិធីលេងកីឡាមិត្តភាពជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម៕


ដោយ ងូ សុមុនី





