ប្រធានគណៈគ្រូពេទ្យជាតិជំរុញឱ្យគ្រូពេទ្យទាំងអស់ត្រូវប្រែក្លាយការមើលងាយពីសំណាក់ប្រទេសថៃ ធ្វើយ៉ាងណាឱ្យសេវាសុខាភិបាលជាតិមានគុណភាពខ្ពស់ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកជំងឺ
AKP សៀមរាប ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា បានថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២០ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះថា កន្លងមកយើងតែងតែពិនិត្យឃើញមានបាតុភាពមិនប្រក្រតីជាច្រើននៅក្នុងការអនុវត្តវិជ្ជាជីវសុខាភិបាល បើទោះបីជាក្នុងវិស័យនេះយើងមានអនុក្រឹតស្តីពីក្រមសីលធម៌វិជ្ជជីវៈគ្រូពេទ្យកាលពីអំឡុងឆ្នាំ២០០០ក្តី។

ឯកឧត្តមបន្តថា ដើម្បីបំបាត់បាតុភាពទាំងអស់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំកែទម្រង់ឱ្យវិស័យមួយនេះ កាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកជំងឺឱ្យគាត់ជឿជាក់មកលើគ្រូពេទ្យខ្មែរវិញ។ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យខ្មែរយើងត្រូវតែល្អទាំងចំណេះជំនាញ ដូចយើងឃើញស្រាប់ហើយនៅពេលដែលមានបញ្ហាឈ្លានពាន ការមើលងាយពីសំណាក់ប្រទេសថៃមកលើកម្ពុជាយើង ដែលជាការឈឺចាប់បំផុត ដូច្នេះយើងត្រូវប្រែក្លាយការឈឺចាប់នេះទៅជាការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង វិស័យរបស់យើងឱ្យបានខ្លាំងដើម្បីធានាថា ការផ្តល់សេវានៅក្នុងស្រុកយើង បានគ្រប់ជ្រុងជ្រោយ ដែលអាចឱ្យប្រជាជនផ្ញើអាយុជីវិតជាមួយយើងបាន ហើយកាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស។


សូមជម្រាបថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២០ ត្រូវបានសហការរៀបចំដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប មន្ទីសុខាភិបាលខេត្តសៀមរាប និងគណៈគ្រូពេទ្យជាតិកម្ពុជា ក្នុងគោលដៅចែករំលែកបទពិសោធន៍ចំណេះដឹងថ្មីៗដល់ក្រុមគ្រូពេទ្យនៅក្នុងខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានលើកឡើងថា ការអភិវឌ្ឍន៍ចំណេះដឹងនៅក្នុងវិស័យសុខាភិបាល គឺដើម្បីដើរឱ្យទាន់នៅការអភិវឌ្ឍវេជ្ជសាស្ត្រជា សកល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាលដល់អ្នកជំងឺ ។ លោកវេជ្ជបណ្ឌិត ក៏បានសំណូមពរដល់គ្រូពេទ្យទាំងអស់ គោរពឱ្យបានខ្ជាប់ខ្ជួននៅក្រមសិលធម៌វិជ្ជាជីវៈដែលមានស្នូលទាំង៤រួមមាន ការគោរពស្វ័យភាពអ្នកជំងឺ ផលប្រយោជន៍អ្នជំងឺ មិនបង្កគ្រោះថ្នាក់ និងយុត្តិធម៌។


ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប ក៏បានជំរុញដល់គ្រូពេទ្យទាំងអស់សរសេរវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវច្បាស់លាស់ មានចុះថ្ងៃខែ និងឈ្មោះគ្រូពេទ្យ ធ្វើយ៉ាងណាឱ្យអ្នកជំងឺ គ្រួសារអ្នកជំងឺអានរួចងាយយល់ និងស្រួលអនុវត្តន៍តាម ព្រោះកន្លងមកវេជ្ជបណ្ឌិត គ្រូពេទ្យ មួយចំនួនសរសេរវេជ្ជបញ្ជាអានមិនដាច់ មើលមិនយល់។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ក៏ណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំព្យាបាលអ្នកជំងឺឱ្យអស់ពីសមត្ថភាព និងឆាប់បញ្ជូនអ្នកជំងឺទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងដើម្បីបន្ថយអត្រាគ្រោះ៕
ដោយ ឃុត សៅ





