គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហរកឃើញសម្ភារ និងវត្ថុតាងជាឧបករណ៍អេឡិចត្រូនិចពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦---
ថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុតាងជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្នុងប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ កម្លាំងជំនាញឥនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុបានសម្រេចដកហូតវត្ថុតាងរួមមាន៖
-កុំព្យូទ័រ All-in-one ចំនួន ៣៨គ្រឿង
-ធុងCPU ចំនួន ០៣គ្រឿង
-Monitor ចំនួន ០២គ្រឿង
-ទូរស័ព្ទដៃចំនួន ៥០គ្រឿង


ជាមួយគ្នានោះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់ ស្រី ៩នាក់ ក្នុងនោះមានជនជាតិចិនចំនួន ០៥នាក់ ស្រី ០១នាក់ ជនជាតិប៉ាគីស្ថាន ចំនួន ០៨នាក់ ស្រី ០២នាក់ និងជនជាតិខ្មែរចំនួន ០៧នាក់ ស្រី ០៦នាក់។
បច្ចុប្បន្នជនសង្ស័យទាំង ២០នាក់ រួមជាមួយនឹងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ។

សូមរម្លឹកថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បន្តចុះស្រាវជ្រាវ ធ្វើរដ្ឋបាលចំហនៅតាមទីតាំងសង្ស័យ ដើម្បីស្វែងរក បង្ក្រាបបទល្មើសករណីឆបោកតាប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយសកម្មភាពបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុវត្តដូចភ្លៀងរលឹម ៕


ដោយ៖ ងូ សុមុនី





