ឯកឧត្តម សរ សិទ្ធិ៖ ព្រឹត្តិការណ៍វាយសីជើងឯកនគរបាលអាស៊ាន ពានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាការផ្តល់ឱកាសដល់អត្តពលិកបញ្ចេញសមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦--ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ គឺជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីគ្រប់ទិសទីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព គុណភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសរបស់ខ្លួន ដែលបានហ្វឹកហាត់កន្លងមក ដើម្បីប្រកួតប្រជែងគ្នា និងជាពិសេស ថែមទាំងបានបង្កើននូវចំណងមិត្តភាព សាមគ្គីភាពទាំងជាតិ និងអន្តរជាតិផងដែរ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាវាយសី ជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលលើកមករៀបចំ៥ថ្ងៃ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា រាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម សរ សិទ្ធិ បានជម្រាបជូនថា ក្នុងនាមអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។ ការចូលរួមលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រ គឺជាថាមពលដ៏ខ្លាំងក្លា ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែមានការរីកចម្រើន និងមានប្រជាប្រិយភាពបន្ថែមទៀត។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ លើកទី២នេះ បានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ ដែលមានអត្តពលិកអញ្ជើញមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍មាន៥ប្រទេសចូលរួម គឺម្ចាស់ផ្ទះ កម្ពុជា ឥណ្ឌូណេស៊ី ទីម័រខាងកើត ឡាវ និងវៀតណាម និងក្លឹបកីឡាវាយសីនៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ក្លឹបកីឡាវាយសីក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ចំនួន ១៩៦នាក់ ដោយមានការប្រកួតដណ្តើមពានរង្វាន់ធំៗ៣ផ្នែកពីគ្នា និងមានវិញ្ញាសាសរុបចំនួន ១៣។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ លទ្ធផលជ័យលាភីលើពានរង្វាន់៣ផ្នែកធំៗ រួមមាន៖ ១.ពានរង្វាន់នគរបាលអាស៊ីអាគ្នេយ៍៖ នគរបាលឥណ្ឌូណេស៊ី ឈរលេខ១ (មេដាយមាស៤ ប្រាក់២), នគរបាលកម្ពុជា លេខ២ (ប្រាក់១ និងសំរឹទ្ធ ២), នគរបាលវៀតណាម លេខ៣ (ប្រាក់១ និងសំរឹទ្ធ២)។ ២.ពានក្លឹបចំណុះអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឈរលេខ១ (មេដាយមាស១ និងប្រាក់១), អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លេខ២ (មេដាយមាស ១ សំរឹទ្ធ ១), ក្រុមមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លេខ៣ (មេដាយប្រាក់១) ក្លឹបខុទ្ធកាល័យឯកឧត្តមអភិសន្តិបណ្ឌិត លេខ៤ (មេដាយបានសំរឹទ្ធ១)។ ៣.ពានរង្វាន់ក្លឹបចំណុះក្រសួងរាជធានី-ខេត្ត៖ ក្លឹប Quang Sport Can Tho លេខ១ (មេដាយមាស២ ប្រាក់១) ក្លឹបយុវជននគរបាលជាតិ លេខ២ (មេដាយមាស២) ក្លឹបក្រសួងមហាផ្ទៃ លេខ៣ (ប្រាក់១ សំរឹទ្ធ២) ក្លឹបវាយសីខ្លាចាស់ លេខ៤ (មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១ ខណៈក្លឹបក្រសួងការពារជាតិ លេខ៤ ដណ្តើមបានមេដាយប្រាក់១គ្រឿងផងដែរ៕
ដោយ ហេង ណាលីន





