ឯកឧត្តម កែ គឹមយ៉ាន ជំរុញឱ្យមន្ត្រីគណបក្សស្រុកថ្មពួក បន្តរួមសាមគ្គីគ្នាការពារសន្តិភាព និងត្រៀមផែនការគ្រប់ជ្រុងជ្រោយ ដើម្បីដណ្តើមប្រៀបឈ្នះដាច់ខាតក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៦–ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដាស់តឿននិងណែនាំដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជាធ្លុងមួយក្នុងការការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងត្រូវរៀបចំផែនការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីយកប្រៀបឈ្នះដាច់ខាតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។
ការថ្លែងជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ និងយុវជនគណបក្សស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម កែ គឹមយ៉ាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ក្រុមការងារ និងសមាជិក សមាជិកាគណបក្សស្រុកថ្មពួក ដែលបានរួមសាមគ្គីគ្នាប្រកបដោយស្មារតីជាតិនិយមខ្ពស់។
ឯកឧត្តម កែ គឹមយ៉ាន បានគូសបញ្ជាក់ថា «ស្មារតីរួមសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល ទាំងការជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែនកម្ពុជា-ថៃ និងការរួមគ្នាប្រយុទ្ធតតាំងនឹងកងទ័ពឈ្លានពានក្នុងពេលកន្លងមក គឺជាវីរភាពដ៏ឧត្តុង្គឧត្តមមិនអាចបំភ្លេចបាន»។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីវឌ្ឍនភាពជាតិ ដោយសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបន្តអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើមនៃប្រជាជាតិ កម្ពុជានៅតែបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់គួរឱ្យមោទនៈ។


រាជរដ្ឋាភិបាលបាននិងកំពុងខិតខំបន្តពង្រឹងខឿនការពារជាតិ ដើម្បីការពារដាច់ខាតនូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍សេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់តែមួយគត់ក្នុងការអភិវឌ្ឍប្រទេស និងធានាភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋគ្រប់រូប។
ដើម្បីបន្តរក្សាប្រៀបឈ្នះ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម កែ គឹមយ៉ាន បានដាក់ចេញនូវទិសដៅការងារនិងការណែនាំសំខាន់ៗដល់អង្គពិធីទាំងមូល រួមមាន ត្រូវការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
បន្តរួមគ្នាជួយគំាទ្រ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាដល់ក្រុមគ្រួសារជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។
បន្តចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបន្តគាំទ្រ និងចូលរួមបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scan Online) ដែលកំពុងគំរាមកំហែងដល់សុវត្ថិភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។

ត្រូវរួមគ្នារៀបចំផែនការសកម្មភាពឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដើម្បីយកប្រៀបឈ្នះដាច់ខាតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។
ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល ព្រមទាំងបានផ្តល់នូវស្មារតី និងទិសដៅច្បាស់លាស់ដល់មន្ត្រីបក្សមូលដ្ឋានស្រុកថ្មពួក ក្នុងការបន្តបម្រើប្រជាពលរដ្ឋ និងការពារសមិទ្ធផលសង្គមជាតិឱ្យបានគង់វង្ស៕
ដោយ៖ ឈុន សារ៉ាត





