ថ្នាក់ដឹកនាំក្រសួងអប់រំជំរុញឱ្យរួមគ្នាគោរពស្មារតីកីឡាដើម្បីកុំឱ្យការប្រកួតក្លាយជាកន្លែងគ្រោះថ្នាក់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាគោរពឱ្យបាននូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) បទបញ្ជាការប្រកួតឱ្យបានខ្ជាប់ខ្ជួន ហើយបើមិនចូលរួមគោរពក្នុងកំណែទម្រង់នេះទេ នោះការប្រកួតមួយនឹងអាចក្លាយជាកន្លែងគ្រោះថ្នាក់ទៅវិញ។

ការលើកឡើងរបស់ឯកឧត្តមបានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំការប្រកួត-ចាប់ឆ្នោតចែកពូលក្រុម ត្រៀមរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិកា អគ្គនាយកីឡា ឯកឧត្តម ប៉ុន សុខ ព្រមទាំងតំណាងសហព័ន្ធកីឡាជាតិ ប្រតិភូគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា៖ «បើកាលណាយើងងាកចេញពីគោលការណ៍លេងដោយយុត្តិធម៌នេះ គឺយើងងាកចេញឆ្ងាយពីស្មារតីកីឡា ងាកចេញពីភាពស្អាតស្អំកីឡា ដោយគោលការណ៍នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ក្នុងការរួមគ្នាគោរពឱ្យបានបទបញ្ជាការប្រកួត គោរពនូវប្រភេទកីឡាជាដើម ដែលទាំងអស់នេះ គឺជាធាតុផ្សំនៃស្មារតីកីឡា។ គោលការណ៍ Fair Play នេះត្រូវបានគេកំណត់អំពីភាពសំខាន់នៃធាតុផ្សំទាំងអស់ ដូច្នេះហើយទាំងអ្នករៀបចំការប្រកួត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីត្រូវចូលរួមគោរពទាំងអស់គ្នា»។

ឯកឧត្តម រដ្ឋលេខាធិការ លើកឡើងថា ប្រសិនបើយើងមិនគោរព Fair Play មិនគោរពបទបញ្ជាការប្រកួតទេ នោះការរៀបចំការប្រកួតមិនត្រូវបានសង្គមទទួលស្គាល់ឡើយ ហើយព្រឹត្តិការណ៍កីឡានោះនឹងជាកន្លែងគ្រោះថ្នាក់ទៅវិញ។ ដូច្នេះហើយ ឯកឧត្តមរដ្ឋលេខាធិការស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងធម្យសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៦នេះត្រូវតែប្រកាន់ខ្ជាប់នូវក្រមវិន័យវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាជំរុញឱ្យការរៀបចំការប្រកួតមួយដំណើរការដោយរលូន និងជោគជ័យ និងជាកន្លែងផលិតធនធានកីឡាកកីឡាការិនីមានគុណភាពពិតប្រាកដ។

ជាមួយគ្នានេះលោក ហួត សេងទ្រី ប្រធាននាយកដ្ឋារៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានឱ្យដឹងថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២៦ មាន១២ប្រភេទកីឡាស្មើនឹង ១០០វិញ្ញាសា ដែលគ្រោងនឹងធ្វើឡើង ពីថ្ងៃទី០៥-១៣ ខែមិថុនា នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៨៧៦នាក់មកពីគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន ៤៣។ ព្រឹត្តិការណ៍កីឡាថ្នាក់ជាតិសំដៅប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលជាមហាជន គរុនិស្សិតដែលស្រឡាញ់វិស័យកីឡា ឱ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី អាចនឹងក្លាយជាកីឡាករ កីឡាការិនីដែលមានកម្រិតខ្ពស់ អាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត៕
ដោយ ហេង ណាលីន





