ស្មារតី ២៨ ឧសភា៖ យុវជន និងកាតព្វកិច្ចចំពោះសន្តិភាព និងការអភិវឌ្ឍជាតិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ -- «ការរួមគិត ការរួមធ្វើ ការរួមទទួលខុសត្រូវ ដើម្បីមាតុភូមិកម្ពុជា» និង «ខ្មែរតែមួយ ស្មារតីតែមួយ វាសនាតែមួយ!» គឺជាពាក្យស្លោកដ៏មានអត្ថន័យដែលដក់ជាប់ក្នុងបេះដូងយុវជនគ្រប់រូប។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានសម្រេចចិត្តយ៉ាងឱឡារិកក្នុងការប្រារព្ធ «កម្មវិធីដាស់ស្មារតីជាតិ» ដើម្បីជាការដាស់តឿន ក្រើនរំលឹក និងបំផុសទឹកចិត្តស្នេហាជាតិក្នុងចំណោមស្រទាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ថ្ងៃទី២៨ ខែឧសភា មិនមែនគ្រាន់តែជាថ្ងៃមួយនៅលើប្រតិទិននោះទេ ប៉ុន្តែទីមួយវាជាទំព័រប្រវត្តិសាស្ត្រដ៏រស់រវើកនៃមាតុភូមិយើង។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ គឺជាថ្ងៃដំបូងនៃការបោះឆ្នោតសកលជាប្រវត្តិសាស្ត្រនៅកម្ពុជា ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ (UNTAC)។ វាជាថ្ងៃដែលដូនតា និងឪពុកម្តាយរបស់យើង បានដើរតម្រង់ជួរឆ្ពោះទៅរកហិបឆ្នោត ទាំងប្រថុយប្រថាននឹងគ្រាប់កាំភ្លើង និងការគំរាមកំហែង ដើម្បីតែបំណងប្រាថ្នាតែមួយគត់ គឺ «សន្តិភាព និងការបង្រួបបង្រួមជាតិ»។

មួយវិញទៀត ថ្ងៃទី២៨ ខែឧសភា នេះ កាលពីមួយឆ្នាំមុន វីរកងទ័ពកម្ពុជាមួយរូប គឺលោកសួន រោន ត្រូវបានកងទាហានឈ្លានពានថៃបាញ់សម្លាប់នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅតំបន់មុំ៣ ខេត្តព្រះវិហារ ហើយជាថ្ងៃដែលកម្ពុជា និងថៃចាប់ផ្តើមមានជម្លោះព្រំដែនជាមួយគ្នា និងជាថ្ងៃដែលថៃចាប់ផ្តើមឈ្លានពានទន្រ្ទានដែនអធិបតេយ្យភាពកម្ពុជាសារជាថ្មីម្តងទៀត។

ការជ្រើសរើសថ្ងៃនេះដោយ ស.ស.យ.ក. គឺដើម្បីបំប្លែងនូវការចងចាំប្រវត្តិសាស្ត្រឱ្យទៅជាកម្លាំងចលករក្នុងការការពារសន្តិភាពដែលកំពុងមានក្នុងដៃនាពេលបច្ចុប្បន្ន ស្របនឹងពាក្យស្លោក «ប្រែក្លាយភាពឈឺចាប់... ជាកម្លាំង» - យើងកាន់តែឈឺ... យើងកាន់តែរឹងមាំ... យើងមិនឱ្យរបួសទាំងផ្លូវកាយ និងផ្លូវចិត្តនេះ ធ្វើឱ្យយើងដួលឡើយ... ការលំបាក ឬការឈឺចាប់ គឺជាឱកាសដើម្បីពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ។
ក្មុងស្មារតី ២៨ ឧសភានេះ ស.ស.យ.ក. ចង់ឱ្យយុវជនកម្ពុជាបានយល់ដឹងថា សង្គ្រាមបានបញ្ចប់ដោយសារការលះបង់របស់មនុស្សជំនាន់មុន ប៉ុន្តែការកសាងជាតិ គឺជាកាតព្វកិច្ចរបស់យុវជនជំនាន់នេះ និងជំនាន់ក្រោយ។ យុវជនសម័យឌីជីថល មិនត្រឹមតែត្រូវមានចំណេះដឹង និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមាន «បេះដូងស្នេហាជាតិ» យ៉ាងមុតមាំ បដិសេធរាល់ការបែកបាក់ និងរួមគ្នាជាធ្លុងមួយដើម្បីឧត្តមប្រយោជន៍ជាតិ។

កម្មវិធី «ដាស់ស្មារតីជាតិ» ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាការបោះជំហានទៅមុខដ៏មានឥទ្ធិពលមួយរបស់ ស.ស.យ.ក. ក្នុងការបណ្តុះគ្រាប់ពូជនៃស្មារតីស្នេហាជាតិដ៏ត្រឹមត្រូវ។ ក្នុងនាមជាយុវជនបន្តវេន យើងទាំងអស់គ្នាប្តេជ្ញាចិត្តរក្សាសាមគ្គីភាព ភាពថ្លៃថ្នូរ និងមនសិការជាតិខ្ពស់បំផុត ដើម្បីរួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ៕
ដោយ៖ យា ចិន្តាខន្តី





