សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំកម្មវិធី «ដាស់ស្មារតីជាតិ»
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ -- នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» (Day of Reckoning) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការអញ្ជើញជាអធិបតីដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធានស.ស.យ.ក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក និងសាធារណជនទូទៅយ៉ាងច្រើនកុះករ។
កម្មវិធី «ដាស់ស្មារតីជាតិ» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការចងចាំពីអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងប្រែក្លាយការឈឺចាប់ក្នុងអតីតកាលឱ្យទៅជាកម្លាំងជំរុញទឹកចិត្តប្រជាជនក្នុងការអភិវឌ្ឍសមត្ថភាព និងការកសាងជាតិឱ្យកាន់តែរឹងមាំ ដោយបញ្ចៀសដាច់ខាតនូងទស្សនៈជ្រុលនិយម និងការគុំកួនសងសឹង។


មិនតែប៉ុណ្ណោះ កម្មវិធី «ដាស់ស្មារតីជាតិ» ដ៏ឧឡារឹកនេះ ក៏បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយបានយល់ពីដំណើរជាតិកម្ពុជា ដែលរួមមានការធ្លាក់ចុះនៃសង្គមជាតិ សោកនាដកម្ម ភាពសោកសង្រេង និងការងើបឡើងវិញ ជាមួយនឹងវឌ្ឍនភាពជាបន្តបន្ទាប់នៃប្រជាជាតិកម្ពុជាសម័យទំនើប រហូតដល់ព្រឹត្តិការណ៍ឈ្លានពានដែនអធិបតេយ្យភាពខ្មែរក្នុងឆ្នាំ២០២៥ កន្លងមកនេះ។
នៅក្នុងកម្មវិធីដ៏មានអត្ថន័យនាថ្ងៃនេះ មានការដាក់តាំងបង្ហាញនូវផ្ទាំងគំនូរដែលលាតត្រដាងនូវការពិត ដែលកម្ពុជាបានជួបប្រទះកាលពីក្នុងឆ្នាំ២០២៥ និងមានទីតាំងគោរពវិញ្ញាណក្ខន្ធដល់កងកម្លាំងដែលបានពលីជីវិតក្នុងការការពារជាតិ ការតាំងបង្ហាញពីសំណល់សង្គ្រាម ឯកសណ្ឋានរបស់កងកម្លាំងដែលបានពលី ទង់ជាតិកម្ពុជាដែលត្រូវបានបំផ្លាញដោយយោធាថៃ បំណែកលំនៅឋានរបស់ប្រជាពលរដ្ឋដែលបានបែកបាក់ និងខូចខាតដោយសារសង្គ្រាមជាដលន។



បន្ថែមពីលើនេះ អ្នកចូលរួមទាំងអស់បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការឆ្ពោះទៅមុខជាប្រជាជាតិតែមួយនៅលើផ្ទាំងមួយដែលត្រូវបានរៀបចំ ការដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ការចាក់ខ្សែវីដេអូ រួមទាំងការសម្ដែងទស្សនីយភាពដែលរំលេចពីអត្តសញ្ញាណ និងមោទនភាពជាតិផងដែរ៕
ដោយ៖ យា ចិន្តាខន្តី





