កិច្ចប្រជុំស្តីពី “ការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា”
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ -- លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជាបាន អញ្ជើញដឹកនាំ កិច្ចប្រជុំនេះនិងមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រមាណ៤០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានារសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ។

កិច្ចប្រជុំមានរបៀបវារៈចំនួន៣គឺ៖
ទី១.ពិនិត្យពិភាក្សាលើខ្លឹមសារ និងផែនការអនុវត្តការងារភារកិច្ចរបស់អនុគណៈកម្មការនីមួយៗក្នុងការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ទី២.មតិណែនាំ របស់ លោកជំទាវបណ្ឌិត ប្រធានអង្គប្រជុំ និង
ទី៣.បញ្ហាផ្សេងៗ។

អង្គប្រជុំបានពិគ្រោះពិភាក្សាតាមរបៀបវារៈដែលបានគ្រោងទុក ដោយក្នុងនោះផ្តោតលើ៖
-ការត្រៀមរៀបចំចងក្រងឯកសារព្រះរាជសកម្មភាព សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា,
-ការចងក្រងចម្រៀងនិងរបាំថ្វាយព្រះពរ សម្រាប់ចាក់ផ្សាយនៅតាមបណ្តាស្ថានីយទូរទស្សន៍ និងបណ្តាញសង្គមនានា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧ដល់១៩ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ។
លោកជំទាវបណ្ឌិត ប្រធានអង្គប្រជុំ បានណែនាំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការទាំងអស់ សូមបំពេញតួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនឱ្យទទួលបានជោគជ័យ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





