រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាអំពាវនាវឱ្យមានការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធីជាមួយថៃ ដើម្បីបើកចំហសក្តានុពលថាមពល
AKP ភ្នំពេញ ថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៦ -- កម្ពុជាបានសម្តែងចំណាប់អារម្មណ៍របស់ខ្លួនក្នុងការដោះស្រាយការទាមទារដែនសមុទ្រ ដែលត្រួតស៊ីគ្នាយូរអង្វែងជាមួយប្រទេសថៃតាមរយៈមធ្យោបាយសន្តិភាព ដើម្បីដោះសោធនធានថាមពលនៅឯនាយសមុទ្រដ៏សំខាន់។ នេះបើយោងតាម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខនាពេលថ្មីៗនេះជាមួយ CNBC ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានចំណាប់អារម្មណ៍រួមគ្នាក្នុងការអភិវឌ្ឍតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលោកបានកត់សម្គាល់ថា អាចបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន រួមទាំងធនធានរួមប្រមាណ ៣០០ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការបែបនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់សន្តិសុខថាមពលក្នុងតំបន់កាន់តែទូលំទូលាយ ខណៈដែលកំពុងមានភាពមិនប្រាកដប្រជានៃថាមពលសកលលោក។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសន្ទនាដោយសន្តិវិធី និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា ទាំងកម្ពុជា និងថៃ គឺជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលក្រោមកិច្ចព្រមព្រៀងនេះ ជម្លោះដែនសមុទ្រអាចត្រូវបានដោះស្រាយតាមរយៈយន្តការច្បាប់ដែលបានបង្កើតឡើង។ ឯកឧត្តមក៏បានសំដៅទៅលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរផងដែរ ដែលផ្តល់នូវក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍរួមគ្នានៃធនធានប្រេងកាតនៅក្នុងតំបន់ OCA ខណៈដែលកិច្ចចរចាទៅលើការកំណត់ព្រំដែនសមុទ្រកំពុងត្រូវបានអនុវត្ត។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានកត់សម្គាល់ដោយការសោកស្តាយថា ក្រោយមកប្រទេសថៃបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដែលមានបំណងណែនាំកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ជម្លោះ។

ទោះបីជាយ៉ាងនេះក្តី ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា កម្ពុជានៅតែបន្តជឿជាក់លើកិច្ចសន្ទនា និងការដោះស្រាយដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិ ដោយបានបន្ថែមថា កម្ពុជាកំពុងពិចារណាទៅលើការប្រើប្រាស់ការផ្សះផ្សាដោយបង្ខំក្រោមច្បាប់ UNCLOS ជាយន្តការដែលអាចធ្វើទៅបាន ដើម្បីជួយដោះស្រាយជម្លោះព្រំដែនសមុទ្រដោយយុត្តិធម៌ និងសន្តិភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហានេះនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរអភិវឌ្ឍន៍ និងចែករំលែកធនធានសមុទ្ររួមគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈដែលវាក៏រួមចំណែកដល់តម្រូវការថាមពលកាន់តែទូលំទូលាយរបស់តំបន់អាស៊ានផងដែរ៕
ដោយ៖ យា ចិន្តាខន្តី





