កម្ពុជាប្តេជ្ញាខ្ពស់លើការគោរពសិទ្ធិមនុស្ស និងការការពារបូរណភាពទឹកដី៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ចុះផ្សព្វផ្សាយរបាយការណ៍ UPR នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--ក្នុងបរិបទដែលកម្ពុជាកំពុងពង្រឹងជំហរលើឆាកអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងយ៉ាងមុតមាំថា ការពារបូរណភាពទឹកដី និងការលើកកម្ពស់សិទ្ធិមនុស្ស គឺជាបេសកកម្មដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ដើម្បីធានាដល់សុខសន្តិភាព និងភាពថ្លៃថ្នូររបស់ជាតិ។

ការថ្លែងបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍ជាតិស្តីពី ការពិនិត្យជាសកលតាមកាលកំណត់ (UPR)» កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការ ចូលរួមពីឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ជីវិត និងសុខសុវត្ថិភាពរបស់ ប្រជាពលរដ្ឋជា អាទិភាព ខ្ពស់បំផុត។ យន្តការ UPR មិនត្រឹមតែជាវេទិកាផ្លាស់ ប្តូរឧត្តមានុវត្តន៍ជាមួយ សហគមន៍អន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដែលផ្តោតលើការ ធានាស្ថិរភាពសង្គមជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។

ទាក់ទងនឹងបញ្ហាព្រំដែន ឯកឧត្តម កែវ រ៉េមី បានលើកឡើងពីភាពជោគជ័យ ក្នុងការដោះស្រាយទំនាស់ជាមួយប្រទេសជិតខាង ដោយប្រកាន់ខ្ជាប់នូវ «ភាពអត់ធ្មត់ជាអតិបរមា» និងការប្រើប្រាស់ដំណោះស្រាយដោយសន្តិវិធី។ ក្នុងនាមស្ថាប័នសិទ្ធិមនុស្ស គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាបានដើរតួនាទីយ៉ាងសកម្មតាមរយៈការដាក់ពាក្យបណ្តឹង និងញត្តិថ្កោល ទោសជិត ៦០ច្បាប់ទៅកាន់យន្តការអន្តរជាតិ រួមទាំងការបំពេញបេសកកម្មប្រកប ដោយជោគជ័យនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ កាលពីខែមីនាកន្លងទៅ ដើម្បីការពារអធិបតេយ្យភាពជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលេចពីសមិទ្ធផលឈានមុខ ដែលបញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់កម្ពុជារួមមាន៖ ការផ្តល់សច្ចាប័ន លើលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិជាច្រើន។ ការសហការអន្តរជាតិបន្តអនុញ្ញាតឱ្យមានវត្តមានការិយាល័យ OHCHR និងអ្នករាយ ការណ៍ពិសេសអង្គការសហប្រជាជាតិ។ សិទ្ធិមូលដ្ឋាន ការលុបចោលទោសប្រហារជីវិត និងការធានាសុខដុមនីយកម្មសាសនា។ សេរីភាពបញ្ចេញមតិ ការបើកទូលាយ សិទ្ធិសេរីភាពគ្រប់ទិដ្ឋភាព រួមទាំងការគាំពារដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ញើសារដ៏មានអត្ថន័យទៅកាន់យុវជន ដោយលើកទឹកចិត្តឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីពង្រឹងកាយសម្បទា និងស្មារតីស្នេហាជាតិ។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានដាស់តឿនឱ្យប្រុង ប្រយ័ត្នចំពោះការឃោសនាបំផ្លើសពីសំណាក់ក្រុមអគតិដែលប៉ុនប៉ងបំផ្លាញខឿនការពារជាតិ។

ជាចុងក្រោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្តេជ្ញាចិត្តយ៉ាង ពេញទំហឹងក្នុងការអនុវត្តអនុសាសន៍ UPR នៅថ្នាក់មូលដ្ឋាន ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាពជាធ្លុងមួយ ដើម្បីបន្តកសាង មាតុភូមិឱ្យកាន់តែរីកចម្រើនត្រចះត្រចង់ក្រោមម្លប់សន្តិភាព៕
ដោយឈុនសារ៉ាត





