មន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ រៀបចំកិច្ច ប្រជុំពង្រឹងប្រព័ន្ធជីវសុវត្ថិភាព និងផ្សព្វ ផ្សាយគោលការណ៍ចិញ្ចឹមសត្វល្អ (GAHP)
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងឯកឧត្តម កៅ ផល អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងគោលការណ៍ប្រតិបត្តិប្រព័ន្ធជីវសុវត្ថិភាព នៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងការផ្សព្វផ្សាយគោលការណ៍អនុវត្តការចិញ្ចឹមសត្វល្អ (GAHP) ។
ពិធីមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម មន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ យ៉ាងច្រើនកុះករ សរុបប្រមាណជា ៧៥ នាក់ ដោយបានរៀបចំឡើងនៅសាលប្រជុំសែនក្រអូប នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឡើងអានរបាយការណ៍ស្វាគមន៍ ដោយបានបង្ហាញពីវឌ្ឍនភាព ស្ថា នភាពទូទៅនៃវិស័យកសិកម្ម ក៏ដូចជាការងារចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន ការរៀបចំនេះឡើងក្នុងគោល បំណងបង្កើនការយល់ដឹង បណ្តុះ បណ្តាល និងជំរុញឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តប្រព័ន្ធជីវសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសត្វផ្សេងៗ។

លើសពីនេះ ការផ្សព្វផ្សាយគោលការណ៍អនុវត្តការចិញ្ចឹមសត្វល្អ (GAHP) គឺជារឿងចាំបាច់ក្នុងការធានាឱ្យបាននូវផលិតកម្មសត្វដែលមានគុណភាព សុវត្ថិភាព មានស្តង់ដារត្រឹមត្រូវ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាការគាំពារសុខភាពសាធារណៈ។
ផ្អែកតាមបទបង្ហាញរបស់តំណាងអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគូសបញ្ជាក់ជាមោទនភាពថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលកំពុងឈានមុខគេទូទាំងប្រទេស លើការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្ម ដោយគ្រប់ដណ្តប់រហូតដល់ ៤៣% នៃបរិមាណចិញ្ចឹមសត្វសរុប និងមានអ្នកចិញ្ចឹមសត្វរហូតដល់ ៤២% នៃការធ្វើវប្បកម្មផលិតកម្មសរុបទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអញ្ជើញមានមតិសំណេះសំណាល ដោយបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើផ្នែកបច្ចេកទេស។
ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញដល់បងប្អូនម្ចាស់កសិដ្ឋានទាំងអស់ ត្រូវសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញបសុព្យាបាល ក្នុងការតាមដានសុខភាពសត្វជាប្រចាំ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានសង្កត់ ធ្ងន់លើការកែប្រែទម្លាប់ និងវិធីសាស្ត្រចិញ្ចឹម ដោយងាកមកអនុវត្តតាមការ ណែនាំបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសការគ្រប់គ្រង និងច្នៃប្រឌិតកាកសំណល់លាមកសត្វឱ្យទៅជាជីធម្មជាតិ ឬថាមពលជីវម៉ាស (Biogas) ដែលមិនត្រឹមតែជួយកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកាត់បន្ថយការចំណាយនៅក្នុងកសិដ្ឋានបានមួយកម្រិតទៀតផង។
ថ្លែងក្នុងឱកាសនោះលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរកសិកម្មខេត្ត និងការចូលរួមយ៉ាងសកម្មពីសំណាក់ម្ចាស់កសិដ្ឋានទាំងអស់។
លោកជំទាវបានណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តប្រព័ន្ធជីវសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសត្វផ្សេងៗ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានរំលឹកផងដែរថា ការវិវឌ្ឍខ្លួនទៅរកការចិញ្ចឹមសត្វតាមគោលការណ៍អនុវត្តការចិញ្ចឹមសត្វល្អ (GAHP) និងការគិតគូរជាចម្បងលើការគ្រប់គ្រងកាកសំណល់លាមកសត្វត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គឺជាគន្លឹះដ៏សំខាន់ក្នុងការធានាឱ្យបាននូវផលិតកម្មសត្វមាន គុណភាព សុវត្ថិភាព ឆ្លើយ តបទៅនឹងតម្រូវការទីផ្សារ និងរួមចំណែកគាំពារសុខភាពសាធារណៈ ក៏ដូចជាបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋជុំវិញប្រក
បដោយចិរភាពផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





