រាជរដ្ឋាភិបាលបន្តចាត់ទុកដំណាំកៅស៊ូ ជាដំណាំយុទ្ធសាស្រ្ត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកដំណាំកៅស៊ូជាដំណាំយុទ្ធសាស្រ្ត សម្រាប់ធ្វើឱ្យប្រសើរនូវខ្សែច្រវាក់ផលិតកម្ម និងជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការកំណត់ដំណាំកៅស៊ូជាផែនការយុទ្ធសាស្រ្ត គឺក្នុងគោលបំណងឱ្យទៅដល់គោលដៅនៃកម្រិតសក្តានុពលទាំងបរិមាណ និងគុណភាព ជាពិសេសធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតកម្មកៅស៊ូ ប្រកបដោយភាពទំនុកចិត្ត និងប្រកួតប្រជែង ។
សម្តេចធិបតីមានប្រសាសន៍បន្តថា “រាជរដ្ឋាភិបាលបានបន្តចាត់ទុកដំណាំកៅស៊ូ ជាដំណាំយុទ្ធសាស្រ្ត ដោយដាក់ចេញចេញផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាឆ្នាំ២០១២-២០២០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ដើម្បីលើកកម្ពស់សក្តានុពលដំណាំកៅស៊ូ” ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ទៅដល់ក្រសួងកសិកម្ម ត្រូវសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជំរុញការអនុវត្តគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ , ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មឧស្សាហកម្មឆ្នាំ២០១៩-២០៣០ , ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូជាតិឆ្ពោះទៅឆ្នាំ២០៣០ និងត្រូវពន្លឿនការរៀបចំច្បាប់ស្តីពីផលិតកម្ម កសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាងកសិករនិងក្រុមហ៊ុនប្រមូលទិញ ។
បន្ថែមពីលើនេះ សម្ដេចធិបតី បង្ហាញការសប្បាយចិត្តចំពោះផលិតកម្មកៅស៊ូ ក្នុងឆ្នាំ២០២៥ ដែលលក់បានប្រមាណជា ៨៣៣ លានដុល្លារ កើនឡើ ២៤% បើធៀបនឹងឆ្នាំ២០២៤ ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា បើកម្ពុជាអាចជំរុញការកែច្នៃកៅស៊ូបាននៅនឹងកន្លែងមិនត្រឹមតែវិស័យកសិកម្មទេ ប៉ុន្ដែថែមទាំងកសិឧស្សាហកម្ម ។ បានន័យថា មិនមែនតែកសិករ ម្ចាស់ចម្ការ និងម្ចាស់ស្រែនោះទេ ប៉ុន្ដែរោងចក្រកែច្នៃបានបង្កើតការងារដល់ពលរដ្ឋ ។ នេះគឺជាខ្សែច្រវាក់ផលិតកម្មដែលរាជរដ្ឋាភិបាលចង់បាន៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





