ឯកអគ្គរដ្ឋទូតចិន៖ រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនរបស់ក្រុមហ៊ុន Mainland Group ជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការ ឈ្មះ ឈ្នះ រវាងចិន និងកម្ពុជា
AKP ត្បូងឃ្មុំ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចាត់ទុករោងចក្រផលិត កែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនក្រុមហ៊ុន Mainland Group របស់ប្រទេសចិនថា ជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការ ឈ្មះ ឈ្នះ រវាងចិន និងកម្ពុជា ហើយក៏ជាការបង្ហាញយ៉ាងច្បាស់ពីការផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅនៃយុទ្ធសាស្ត្រ និងការបំពេញបន្ថែមខ្ពស់ នៃឧត្តមភាពខាងផ្នែកឧស្សាហកម្ម នៃប្រទេសទាំងពីរ។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រផលិត កែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា វត្តមានរោងចក្រនេះកើតឡើងស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍការកែច្នៃកសិផលឱ្យកាន់តែស៊ីជម្រៅ និងបង្កើនតម្លៃបន្ថែម ដោយផ្អែកលើឧត្តមភាពនៃធនធានធម្មជាតិ និងទីតាំងភូមិសាស្ត្រនៃតំបន់ ដែលរោងចក្រមួយនេះបាននាំចូលមកនូវបច្ចេកវិទ្យាដ៏ទំនើប បទពិសោធន៍ក្នុងការគ្រប់គ្រង រួមនឹងបណ្តាញទីផ្សាររបស់ប្រទេសចិន ដើម្បីជំរុញការបំប្លែងធនធានក្នុងស្រុកឱ្យទៅជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជួយដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា រោងចក្រនេះ ក៏បានចាក់បញ្ចូលនូវកម្លាំងចលករថ្មីក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំង បន្ថែមនូវខ្លឹមសារថ្មីដល់ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងចិន និងកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានបន្ថែមថា កាលពីខែមុនគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន ព្រមទាំងដំណាក់កាលទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកព្រែកជីកហ៊្វូនណនតេជោ ដែលជាកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ ឯកឧត្ដមបានឱ្យដឹងទៀតថា ថ្ងៃនេះរោងចក្រផលិត និងកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនក្រុមហ៊ុន Mainland Group របស់ប្រទេសចិន ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជានាពេលនេះកំពុងបង្ហាញពីសន្ទុះនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងបានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសក្តានុពលដ៏មហិមា នៃ សហគមន៍ជោគវាសនារួម នៃចិន និងកម្ពុជាគ្រប់រដូវកាលនៃយុគសម័យថ្មី។

ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានលើកឡើងផងដែរថា ភាគីចិន នឹងបន្តការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាដូចដែលបានធ្វើកន្លងមក និងត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញការផ្សារភ្ជាប់យុទ្ធសាស្ត្រជាមួយភាគីកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញក្រុមហ៊ុនចិនដែលមានសក្តានុពលខ្លាំង និងមានបច្ចេកវិទ្យាទំនើបៗកាន់តែច្រើនដើម្បីមកវិនិយោគនៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់បរិយាកាសធុរកិច្ចដ៏ល្អប្រសើរ សម្រាប់សហគ្រាសចិន នៅកម្ពុជា ហើយក៏រំពឹងថា គ្រប់សហគ្រាសចិនទាំងអស់នៅកម្ពុជានឹងចាក់ឫសយ៉ាងរឹងមាំ និងការគោរពច្បាប់ប្រទេសក្នុងការធ្វើអាជីវកម្ម ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងទំនួលខុសត្រូវសង្គម ដើម្បីធ្វើជាអ្នកកសាងចំណងមិត្តភាពរវាងចិន និងកម្ពុជា ជាអ្នកជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារវាងចិន និងកម្ពុជា និងជាអ្នកលើកកម្ពស់ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕
ដោយ៖ ចាន់ សុភឿន





