វាយសីជើងឯកនគរបាលអាស៊ាន ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាការលើកម្ពស់វិស័យកីឡាកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់កីឡាដើម្បីសុខភាព
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលលើកពេលមកធ្វើពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់កីឡាដើម្បីសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឱ្យកាន់តែមានភាពជិតសិ្នទ្ធ និងចូលរួមលើកកម្ពស់កិត្យានុភាព ឧត្តមភាពរបស់កម្ពុជា។

គោលបំណងចម្បងនេះត្រូវបានលើកបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយឯឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការរៀបចំព្រឹត្តិការណ៍ប្រកួត នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលលើកពេលមកឆ្នាំ២០២៦នេះ ក៏ជាការផ្តល់ឱកាសដល់ក្លឹបកីឡានានាក្នុងស្រុក រួមទាំងក្លឹបក្រោមចំណុះក្រសួងមហាផ្ទៃបានចូលរួមប្រកួត ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងបណ្តាក្លឹបកីឡាវាយសីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ គឺជាលើកទី២ហើយ បន្ទាប់ពីព្រឹត្តិការណ៍លើកទី១ កាលពីឆ្នាំ២០២៤ ប្រកបដោយភាពរីករាយ និងជោគជ័យ ជាពិសេសទទួលបាននូវការលើកសរសើរពីថ្នាក់ដឹកនាំជាច្រើន។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ក្នុងនាមគណៈកម្មការរៀបចំការប្រកួត បានថ្លែងអំណរគុណដល់ក្លឹបទាំងអស់ដែលបានខិតខំរៀបចំឱ្យមានកីឡាករបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតវាយសី ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ក្នុងស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ទោះបីជាអង្គភាពនីមួយៗមមាញឹកជាមួយនឹងភារកិច្ចស្នូលរបស់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែនៅតែខិតខំឆ្លៀតឱកាសដើម្បីចូលរួម។ ពិតណាស់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ គឺបានបង្ហាញឱ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តរបស់ឯកឧត្តម លោក លោកស្រីប្រធានក្លឹបនីមួយៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បន្ថែមពីលើនេះ ឯកឧត្តម សរ សិទ្ធិ បានលើកទឹកចិត្ត និងសូមជូនពរដល់ប្រតិភូកីឡា និងកីឡាករដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់ប្រកួតដោយស្មារតីទទួលខុសត្រូវខ្ពស់ កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ជំនួសមុខឱ្យគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាបណ្តាក្លឹបទាំងអស់ដែលបានចូលរួមប្រកួត ឯកឧត្តមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ដល់សុខភាពមន្រ្តីរាជការក្រោមឱវាទ ដោយផ្តល់នូវអនុសាសន៍ ផ្តល់ការគាំទ្រ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានាជាបន្តបន្ទាប់។ ឯកឧត្តម សរ សិទ្ធិ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ មានដូចជា ក្រុមហ៊ុន Vattanac ក្រុមហ៊ុន C. S. H. Beverage Cambodia ក៏ដូចជាបណ្តាក្រុមហ៊ុនសប្បុរសជនមួយចំនួនទៀតដែលតែងតែជួយឧបត្ថម្ភទ្រទ្រង់ដល់ការប្រកួតជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមាន៥ប្រទេសចូលរួម រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ទីម័រខាងកើត ឡាវ និងវៀតណាម។ រីឯក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃចូលរួមមាន ចំនួន៦ និងក្លឹបកីឡាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តចំនួន១១។ កីឡាករចូលរួមសរុបមានចំនួន ១៩២នាក់ ដោយប្រកួតប្រជែងលើផ្នែកពានរង្វាន់ចំនួន ៤ផ្សេងពីគ្នា៕
ដោយ ហេង ណាលីន





