ក្រសួងកសិកម្មបញ្ជាក់ថា សត្វផ្សោតដែលស្លាប់អណ្តែតទឹកនៅខេត្តក្រចេះនោះ គឺស្លាប់ដោយសារចាស់ជរា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--លទ្ធផលនៃការធ្វើកោសល្យវិច័យលើសពសត្វផ្សោតនៅខេត្តក្រចេះដែលត្រូវបានគេប្រទះឃើញអណ្តែតទើនៅមាត់ច្រាំងកោះអណ្តែង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងមកនោះថា បានស្លាប់ដោយសារចាស់ជរា។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៦នេះ ក្រសួងកសិកម្មបានឱ្យដឹងថា លទ្ធផលនៃការពិនិត្យសពសត្វផ្សោតនេះ ជាផ្សោតញី ដែលធ្លាប់រស់នៅក្នុងអន្លង់ ត្បូងខ្លា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។វាមានអាយុប្រមាណជា ៣០ឆ្នាំ ប្រវែង ២៣១សង់ទីម៉ែត្រ និង ទម្ងន់ ១៧០គីឡូក្រាម។ តាមការពិនិត្យជាក់ស្តែង ផ្សោតនេះមានធ្មេញសឹករេចរិល ក្រពះទទេពុំមានចំណីអាហារ និង ពុំមានស្លាកស្នាមរបួសដោយសារឧបករណ៍នេសាទនៅលើដងខ្លួនឡើយ។ ផ្អែកលើលក្ខណៈជីវសាស្ត្រ សត្វផ្សោត ទឹកសាប អាចបន្តពូជបាននៅពេលមានអាយុចាប់ពី ៧ឆ្នាំ និងអាចរស់បានរហូតដល់អាយុ ៣០ឆ្នាំ ព្រមទាំងមានទម្ងន់អតិបរមាចន្លោះពី ១៥០ ទៅ ២០០គីឡូក្រាម។ សត្វផ្សោតមួយក្បាលនេះត្រូវបានគេប្រទះឃើញអណ្តែតទើនៅមាត់ច្រាំងកោះអណ្តែង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងមក។
គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីមានករណីសត្វផ្សោតស្លាប់ចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ករណីស្លាប់ ដោយធម្មជាតិនាខែឧសភា ឆ្នាំ២០២៦នេះ គឺមានរយៈពេល ១៩ខែ ដែលពុំមានសត្វផ្សោតស្លាប់ដោយកត្តាផ្សេងៗ ទាល់តែសោះ។ នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងសកម្មឥតស្រាកស្រាន្ត របស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងឆ្មាំទន្លេ ក្នុងការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ មិនឱ្យមានករណីផ្សោតស្លាប់ដោយសារ កត្តាខាងក្រៅ ដូចជាការជាប់មង ការឆក់ត្រី ឬការមុតរបួសដោយសារស្លាបចក្រកាណូតជាដើម៕


ដោយ មករា





