រដ្ឋមន្រ្តីក្រសួងផែនការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាស្ថិតិដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើឯកសារសំខាន់ៗចំនួន២
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាស្ថិតិ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨របស់ក្រុមប្រឹក្សាស្ថិតិនៅទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ដែលមានសមាសភាពចូលរួមពីឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាស្ថិតិ ព្រមទាំងឯកឧត្តម លោក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើឯកសារសំខាន់ៗចំនួន២ រួមមាន៖
-សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៥-២០៣៥ និង
-សេចក្តីព្រាងសារាចរណែនាំស្តីពីការដាក់ឱ្យប្រើប្រាស់តារាងប្រមូលទិន្នន័យស្ថិតិរដ្ឋបាលនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ ត្រូវបានរៀបចំទ្បើងអនុលោមតាមច្បាប់ស្តីពីស្ថិតិ ឆ្នាំ២០១៥ (មាត្រា១៤) និងបទបញ្ញប្បត្តិពាក់ព័ន្ធ។ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការនេះ ត្រូវបានចូលរួមផ្តល់ធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធដូចជា អង្គការ CAPRED ធនាគារពិភពលោក សមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ សមាជិកនៃក្រុមប្រឹក្សាស្ថិតិ ដោយបានពិនិត្យអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស្ថិតិលើកទី៦ កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងទទួលបានអនុសាសន៍បន្ថែមមួយចំនួនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិលើកទី១៦ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។


បន្ទាប់ពីបានទទួលអនុសាសន៍ណែនាំពីអង្គប្រជុំក្រុមប្រឹក្សាស្ថិតិមក វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបើកកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លើខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៦-២០៣៥នេះរហូតសម្រេចបានសេចក្តីព្រាងចុងក្រោយដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិលើកទី១៨ ថ្ងៃនេះ ដោយរួមមានទាំងសេចក្តីព្រាងសារាចរណែនាំស្តីពីការដាក់ឱ្យប្រើប្រាស់តារាងប្រមូលទិន្នន័យស្ថិតិរដ្ឋបាលនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ ក្រសូងផែនការ)





