ក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៣គ្រួសារនៅស្រុកកំពង់សៀម ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ក្រុមគ្រួសារប្រជាពលរដ្ឋចំនួន៣គ្រួសារ រស់នៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលរងគ្រោះដោយអគ្គីភ័យ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹក ថ្ងៃអង្គារ ទី ២៦ ខែឧសភា ឆ្នាំ ២០២៦នេះ ។លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាលេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រធានគណ:កម្មាធិការសាខា ដោយមានការចូលរួមពីព្រះសីលសំវរ ព្រះនាគមនី ប៊ត តាំងឆេង ព្រះមេគុណខេត្តរួមជាមួយក្រុមការងារស្ម័គ្របាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋចំនួន៣គ្រួសារ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ កាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦។

ក្នុងពេលចុះជួបដោយផ្ទាល់ជាមួយក្រុមគ្រួសាររងគ្រោះ លោកស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាលេខាធិការសាខាបានពាំនាំ និងចូលរួមសម្តែងការសោកស្តាយរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយគ្រួសាររងគ្រោះ ចំពោះឧបត្តិហេតុដែលកើតឡើងនេះ និងបាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដាប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងជានិច្ច ពិសេសចំពោះជនដែលរងគ្រោះ និងងាយរងគ្រោះក្រោមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។

លោក ស្រី សុភ័ក្ត្រ បានក្រើនរំលឹកដល់ប្រជាពលរដ្ទទាំអស់ ត្រូវចូលរួមថែរក្សាសុខភាពរបស់ខ្លួនឲ្យបានខ្ពស់ ត្រូវមានការប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដោយមុននឹងចេញ ទៅណា ត្រូវពន្លត់ភ្លើងធូប ទៀន ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន។ ត្រូវយកចិត្តទុកដាក់ពង្រឹងស្មារតី នូវហេតុការណ៍កើតឡើងដោយត្រូវខិតខំប្រឹងប្រែងរកចំណូលដើម្បីស្ដារជីវភាពរស់នៅឲ្យបានកាន់តែល្អដើម្បីអនាគតគ្រួសារ និងកូនចៅ។

ចំពោះ អំណោយដែលសាខាផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យទាំងនោះគឺក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០គក្រ ត្រីខ ២យួរ ,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី ២កេស ,តង់ធំ២ ទឹកពិសា២កេស និង ថវិកាចំនួន ១,០០០,០០០រៀល និងជាមួយគ្នានេះដែរ ព្រះមេគុណខេត្ត ព្រះមន្ត្រីសង្ឃ អនុសាខាស្រុក រដ្ឋបាលឃុំ រួមនឹងឯកឧត្តម វេង សាខុន ក៏បានឧបត្ថម្ភក្នុងមួយគ្រួសារទទួលបាននូវអង្គរចំនួន ២០០គក្រ គ្រឿងឧបភោគបរិភោគសំភារៈដំណេក សម្ភារៈផ្ទះបាយ ទឹកពិសា និងបច្ច័យសរុបចំនួន ២,១០០,០០០ រៀល ។

ដោយឡែក ១គ្រួសារទៀត ដែលរងផលប៉ះពាល់កម្រិតស្រាល សាខាបានផ្ដល់ជូនថវិកាចំនួន ៥០០,០០០រៀល ហើយព្រះមេគុណខេត្ត ព្រះមន្ត្រីសង្ឃ និងសប្បុរសជនទាំងអស់ បានឧបត្ថម្ភបន្ថែមអង្ករ ១៥០គក្រ គ្រឿងឧបភោគបរិភោគ និងបច្ច័យសរុបចំនួន ៩០០,០០០រៀលផងដែរ៕

ដោយ ឆាយ ម៉ុត





