មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទអនុញ្ញាតឱ្យអនុព័ន្ធយោធាហ្វីលីពីន ចូលជួបសម្តែងការគួរសម និងជម្រាបលា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរៈនាវីឯក Leo C. Dimoc អនុព័ន្ធយោធាហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ លោកវរនាវីឯក Leo C. Dimoc ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហ្វឺន ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចប្រជុំទ្វេភាគីនានា។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហការរបស់កងទ័ពជើងគោកហ្វីលីពីន ជាពិសេសការបញ្ជូនក្រុមគ្រូបង្គោលមកកាន់កម្ពុជា និងការចែករំលែកបទពិសោធន៍វិជ្ជាជីវៈក្នុងវិស័យផ្សេងៗ និង បានថ្លែងអំណរគុណដល់សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និង ប្រធាន AOT នៅឆ្នាំនេះ ក្នុងការជំរុញសាមគ្គីភាពអាស៊ាន ការលើកកម្ពស់កិច្ចសន្ទនា និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។

ជាការឆ្លើយតប លោកវរនាវីឯក Leo C. Dimoc បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងកងទ័ពជើងគោកកម្ពុជា ដែលបានផ្តល់កិច្ចសហការ គាំទ្រ និងភាពកក់ក្តៅពេញមួយអាណត្តិបេសកកម្មរបស់លោកនៅកម្ពុជា។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត នាពេលអនាគត៕
ដោយ សំ សាម៉ន (ប្រភព៖កងទ័ពជើងគោកនៃខេមរភូមិន្ទ)





